(កណ្ដាល)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់វិស័យអប់រំ ឲ្យកាន់តែមានគុណភាព និងរីកចម្រើនទៅមុខ លោក ហៀង សម្បត្តិ អគ្គនាយកក្រុមហ៊ុន 2WORLD TRAVEL CAMBODIA បានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ គោរពវិន័យសាលា មករៀនឲ្យទៀងពេល ស្ដាប់បង្គាប់មាតាបិតា ធ្វើកិច្ចការសាលា-កិច្ចការផ្ទះ ហាត់កីឡា ពិសេសជៀសវាងការលែងហ្គេមលើទូរស័ព្ទដៃហួសម៉ោង ហួសកម្រិត ដែលនាំឲ្យប៉ះពាល់ខួរក្បាល ប៉ះពាល់ការសិក្សាជាដើម។

ស្ថិតនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅសាលាបឋមសិក្សាកែវសុទ្ធចាបយិន ប្រទះឡាន នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកអគ្គនាយកក្រុមហ៊ុន បានរំលឹកដល់លោកគ្រូ អ្នកគ្រូទាំងឡាយ សូមបង្កើនគុណភាព នៃការអប់រំចំពោះកូនចៅ សិស្សសាលាឲ្យមានគុណភាពល្អបំផុត ពិសេសជួយបង្រៀនពួកគេ ឲ្យអស់ពីចិត្ត បង្រៀនឲ្យស្គាល់ពីក្រមសិលធម៌ គុណធម៌ មេត្តាធម៌ ចរិយាធម៌ និងឲ្យស្គាល់ពីតម្លៃនៃសន្តិភាព ខណៈប្រទេសជាតិ កំពុងមានសុខសន្តិភាព ក្រោមម្លប់ដ៏ត្រជាក់នៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានការរីកចម្រើនធានាបាននូវសន្តិភាព ស្ថិរភាពជាតិ និងកំពុងប្រែក្លាយប្រទេស ពីប្រទេសមានចំនូលទាប ក្លាយទៅជាប្រទេសមានចំណូលមធ្យម។

ទន្ទឹមនឹងសារនេះដែរ លោកស្រី ហូ សុធា អគ្គនាយិការក្រុមហ៊ុន ធូវើលដ៏ត្រាវែល ក៏បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបាននាំយកអំណោយ ជាសម្ភារសិក្សា និងថវិកាមកជួយដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ខណៈដែលនេះជាទង្វើល្អប្រសើរក្នុងសង្គម ជាគំរូល្អមួយដែលបង្ហាញដល់ កូនសិស្សបានស្គាល់ពីតម្លៃនៃសន្តិភាព ការចេះជួយគ្នា លើកទឹកចិត្តគ្នា និងជំរុញគ្នាឲ្យធ្វើអំពើល្អ និងខិតខំរៀនសូត្រ។

លោកស្រីអគ្គនាយិការ បានបញ្ជាក់ថា ប្រាក់ចំណេញបន្តិចបន្តួចពីអាជីវកម្មនេះ លោកស្រីយកទៅធ្វើកម្មវិធីសប្បុរសធម៌បន្តទៀត ដែលនេះក៏ជាការចូលរួមចំណែកពីអតិថិជនរបស់ធូវើលត្រាវែលដែរ ដែលបានគាំទ្រក្រុមហ៊ុននេះ។ លោកស្រីអគ្គនាយិការ ក៏បានថ្លែងអំណរគុណ និងអំពាវនាវពលរដ្ឋទាំងអស់ ដែលចង់ជាវសេវាទេសចរណ៍ណាមួយពីក្រុមហ៊ុននេះ ប្រៀបបាននឹងបានធ្វើសប្បុរសធម៌ជូនដល់សង្គមដូច្នោះដែរ។

គួរជម្រាបថា ក្រុមហ៊ុនទេសចរណ៍ធូវើលដ៏ត្រាវែល តែងតែធ្វើសកម្មភាពមនុស្សធម៌ជារឿយៗ ហើយតែងតែជួយដល់សង្គម ជួយអ្នកខ្វះខាត និងជ្រោមជ្រែងការសិក្សា ពិសេសលើកទឹកចិត្តនិស្សិតឲ្យខិតខំសិក្សាផ្នែកទេសចរណ៍ ដើម្បីជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជាយើង ឲ្យមានការរីកលូតលាស់ទៅមុខកាន់តែខ្លាំង រកចំណូលចូលជាតិយើងឲ្យកាន់តែច្រើនឡើងៗ៕