(ភ្នំពេញ)៖ ម៉ូតូថ្មីចំនួន ៤គ្រឿងទៀត ជាអំណោយរបស់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ សម្រាប់លើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ និទ្ទេស A ឆ្នាំសិក្សា ២០១៨-២០១៩ ត្រូវបានប្រគល់ជូនសិស្សានុសិស្សចំនួន៤នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ក្នុងឱកាសប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកនាយកវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ វិទ្យល័យជម្ពូវ័ន មានសិស្សានុសិស្សថ្នាក់ទី១២ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន៤នាក់, និទ្ទេស B ១៩នាក់, និទ្ទេស C ៣៩នាក់, និទ្ទេស D ៦៧នាក់ និងនិទ្ទេស E ២៨៤នាក់ ស្មើនឹងជាង៨០ភាគរយ នៃចំនួនសិស្ស ដែលមានវត្តមានចូលប្រឡង៧៦៧នាក់។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ធ បានលើកឡើងថា នេះជាការឆ្លើយតប នឹងការសន្យារបស់លោក ចំពោះសិស្សានុសិស្ស នៅក្នុងខណ្ឌពោធិ៍សែនជ័យ ទៅនឹងការប្រឹងប្រែងខិតខំរៀនសូត្ររបស់ប្អូនៗ រហូតទទួលបានលទ្ធផល និទ្ទេស A ក្នុងពេលបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ។

លោកថា តាមពិតម៉ូតូនេះ ត្រូវប្រគល់ជូនប្អូនៗ តាំងពីក្រោយការប្រកាសលទ្ធផលមកម្លេះ តែលោកសុំអធ្យាស្រ័យចង់យកថ្ងៃនេះ ព្រោះជាថ្ងៃបើកបវេសនកាលឆ្នាំថ្មី គឺចង់ឲ្យប្អូនៗដែលត្រូវចូលរៀនថ្នាក់ទី១២ ឆ្នាំនេះ បានឃើញផ្ទាល់ភ្នែកថា ការខិតខំប្រឹងប្រែងរៀនសូត្រ ហើយប្រឡងជាប់បាននិទ្ទេស A និងបានទទួលរង្វាន់បែបនេះ ដូចប្អូនៗដែលបាននិទ្ទេស A មុនៗដែរ។ លោក ហែម ដារិទ្ធ ក៏សន្យាផ្តល់រង្វាន់ម៉ូតូជាបន្តទៀត សម្រាប់ឆ្នាំក្រោយ ខណៈលោកនៅតែជាអភិបាលខណ្ឌពោធិ៍សែនជ័យ។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា ម៉ូតូទាំងនេះ មិនមែនជាថវិការបស់លោកតែម្នាក់ឯងនោះទេ គឺបានមកពីការចូលរួមពីមិត្តភ័ក្ត្រ និងសប្បុរសជន ដែលជាអ្នកមានធនធាន កំពុងរកស៊ីក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ដែលឆ្នាំនេះ ចំណាយម៉ូតូ២០គ្រឿង ក្នុងនោះ៤គ្រឿង ផ្តល់ជូនសិស្សានុសិស្ស ស្រុកព្រៃកប្បាស ខេត្តតាកែវ, ៤គ្រឿងទៀតផ្តល់ជូនប្អូនៗ នៅវិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន និងក្រៅពីនេះ ជួយទៅសិស្សានុសិស្ស នៅខេត្តព្រៃវែង។

ក្នុងឱកាសនោះ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចែកសម្ភារសិក្សាមានសៀវភៅ ប៊ិច ដល់ប្អូនៗ ដែលរៀនបានលេខ១ ដល់លេខ៣ នាឆ្នាំកន្លងមក និងឧបត្តម្ភថវិកា១០លានរៀល សំរាប់ដំណើរកសាន្ត របស់លោកគ្រូ-អ្នកគ្រូ ទៅកាន់ខេត្តជាយដែនផងដែរ៕