(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែក ដល់ការផ្សព្វផ្សាយអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីឱ្យអង្គការសង្គមស៊ីវិលបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការជាមួយភាគីពាក់ព័ន្ធនិងរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០ ដោយមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ តំណាងមន្ទីរ-អង្គភាពចំណុះរដ្ឋបាលខេត្ត និងតំណាងអង្គការសង្គមស៊ីវិលជាច្រើននាក់។

ថ្លែងក្នុងអង្គវេទិកាសន្ទនាកាលពីព្រឹកមិញនេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពជាដៃគូដោយឆន្ទៈស្មោះត្រង់ និងត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សំដៅចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលអនុវត្តការងាររបស់ខ្លួន ដោយត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន ក៏ដូចជាត្រូវធ្វើការចុះបញ្ជីនៅក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមនីតិវិធី រួមទាំងការចុះបញ្ជីពន្ធដារ ដើម្បីអង្គការសង្គមស៊ីវិលអាចទទួលបានការអនុគ្រោះពន្ធផ្សេងៗ ក៏ដូចជាការការពារដោយច្បាប់។

លោក កឹមរ័ត្ន វិសិដ្ឋ បានវាយតម្លៃខ្ពស់ថា កម្ពុជាពិតជាមានលំហសេរីភាពក្នុងវិស័យសង្គមស៊ីវិលយ៉ាងពិតប្រាកដ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងគាំទ្រចំពោះការងាររបស់អង្គការសង្គមស៊ីវិល និងបានសហការក្នុងភាពជាដៃគូជាមួយគ្នា ក្នុងការកសាងនូវសមិទ្ធផលជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងបានធានាឱ្យមានសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបានបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល អាចចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ក្នុងការលើកកម្ពស់ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលបន្តបំពេញការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងស្របតាមលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់នៅក្រសួងពាក់ព័ន្ធ ដើម្បីបន្តចូលរួមក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តខិតខំអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានានា ដែលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ និងបានស្នើឱ្យមានការយោគយល់ ការឯកភាព និងការសហការគ្នា ដើម្បីកសាងសមិទ្ធផលសម្រាប់ខេត្តព្រះសីហនុ៕