(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងក្នុងពិធីបើកបវេសនកាលនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យកោះកុងថា ក្នុងនាមអាជ្ញាធរដែនដី លោកស្រីមានសេចក្តី សោមនោស្ស រាយក្រៃលែង ព្រោះថ្ងៃនេះជាថ្ងៃបើកបវេសនកាលដើម្បីបង្កើនធនធានមនុស្សលើវិស័យអប់រំ និងដើម្បីក្រេបចំណេះវិជ្ជា ពីសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀន ខិតខំបន្តការអនុវត្តគោលការណ៍អប់រំតាមមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាព ឱ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាង និងណែនាំឲ្យយុវវ័យជំនាន់ក្រោយៗ ប្រកបដោយការរីកចម្រើនលើវិស័យអប់រំ ដើម្បីឈានរកអនាគត និងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើនទៅថ្ងៃអនាគត។

លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា ប្អូនត្រូវដឹងថាប្រទេសជាតិមានភាពរីកចំរើន គឺដោយសារយើងមានធនធានមនុស្សកាន់ច្រើនមានចំណេះដឹង ក្នុងការគ្រប់គ្រងច្បាស់លាស់ទាំងវិស័យឯកជន ឬរដ្ឋហើយចំណេះដឹងទាំងនេះ យើងបានមកពីលោកគ្រូ អ្នកគ្រូ ដែលជាសាស្រ្តាចារ្យបង្ហាត់បង្រៀនយើងទាំងអស់គ្នា ហើយអ្វីដែលសំខាន់ប្អូនៗក្មួយៗ ត្រូវខិតខំសិក្សាក្រេបយកចំណេះវិជ្ជាពីលោកគ្រូ អ្នកគ្រូ ព្រោះប្អូនៗ ក្មួយៗ ជាទំពាងស្នងឬស្សីជាសសរទ្រូង នៃប្រទេសជាតិ ព្រោះសម័យបច្ចេកវិជ្ជាត្រូវការអ្នកចេះដឹងខ្ពស់។

លោកស្រីអភិបាលខេត្តថ្លែងបន្តថា ដើម្បីបង្កលក្ខណៈឱ្យប្រទេសជាតិមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ មានការគោរពសិទ្ធិមនុស្ស ជានីតិរដ្ឋស្មើមុខស្មើមាត់លើឆាកអន្តរជាតិ គេត្រូវតែផ្តល់ចំណេះ វិជ្ជាដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី។ ហេតុនេះទើបយើងសូមគាំទ្រការផ្តួចផ្តើមគំនិតដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការរៀបចំទិវា ដើម្បីផ្សារភ្ជាប់ជាមួយ និងទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះផងដែរ។

លោកស្រីអភិបាលខេត្ត បានបន្តថា ការកសាង វប្បធម៌សន្តិភាព និងការអប់រំវប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់បុគ្គលិកសិក្សា ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ដោយឈរលើមូលដ្ឋាន នៃការបណ្តុះបណ្តាលគុណធម៌ និងឥរិយាបថដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ និងសិទ្ធិមនុស្ស ការគោរពគោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ ដោយប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការរើសអើងគ្រប់ប្រភេទ។

លោកស្រី ថ្លែងបញ្ជាក់ថា សូមឲ្យប្អូនៗក្មួយៗត្រូវយកការសិក្សាជាចំបងដើម្បីអនាគត ដើម្បីប្រទេសជាតិហើយគេចឲ្យផុតពីគ្រឿងញៀនព្រោះគ្រឿងញៀន វាបំផ្លាញអនាគតយុវ័យ៕