(កណ្ដាល)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចូលរួមបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៩-២០២០ និងសំណេះសំណាលជាមួយ សិស្សានុសិស្សនៅវិទ្យាល័យព្រែកលួង និងនៅវិទ្យាល័យហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល។

ក្នុងឱកាសចូលរួមក្នុងបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៩-២០២០ លោក កៅ ថាច បានផ្ដល់សារអប់រំ និងស្នើសុំដល់សិស្សនុសិស្សទាំងអស់គ្នាធ្វើជាកូនល្អ, សិស្សល្អ, ពលរដ្ឋល្អ, ស្តាប់បង្គាប់លោកគ្រូ-អ្នកគ្រូ, អាណាព្យាបាល និងខិតខំរៀនសូត្រ ព្រមទាំងជៀសវៀងការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលនាំអន្តរាយដល់ខ្លួន និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ។

លោកបានបន្ដថា លើសពីនេះសិស្សានុសិស្សទាំងអស់ ត្រូវចូលរួមកម្មវិធីសង្គមឱ្យបានច្រើន ដើម្បីទទួលបទពិសោធន៍ថ្មីៗសម្រាប់ខ្លួន, ត្រូវពង្រឹងពង្រីកសមត្ថភាព ទាំងចំណេះដឹងទាំងភាសាខ្មែរ និងភាសាបរទេសឲ្យខ្លាំង ដើម្បីងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ និងងាយស្រួលរកការងារធ្វើ ពេលរៀនចប់ ឬបន្តការសិក្សានៅបរទេស។

លោក កៅ ថាច ក៏បានពាំនាំការសាកសួរសុខទុក្ខពី សំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងសម្ដែងនូវសេចក្ដីរីករាយ និងចូលរួមអបអរសាទរចំពោះក្មួយៗប្អូនៗទាំងអស់ ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃជីវិតសិក្សាក្នុងសម័យកាលនៃ ប្រទេសមានសន្តិភាព និងការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក កៅ ថាច បានកត់សម្គាល់ និងគូសវាសនូវចំនុចសំខាន់ៗមួយចំនួនជូនដល់ប្អូនៗ ដើម្បីជាប្រទីបក្នុងការសិក្សារបស់ខ្លួន ដោយយកគំរូនៃការសិក្សារបស់អ្នករៀនពូកែៗជុំវិញខ្លួន និងជាពិសេសត្រូវតាំងចិត្តប្រឡងឱ្យជាប់ ដើម្បីឈានឡើងបន្តទៅកាន់មហាវិទ្យាល័យ ដែលមានអាហារូបករណ៍ជាច្រើនកំពុងរង់ចាំ។ ជាក់ស្តែងក្នុងស្រុកខ្សាច់កណ្តាលទាំងមូល ដោយទទួលបានការយកចិត្តទុកដាក់ពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្អូនៗដែលពុំមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ អគ្គបណ្ឌិតបានត្រៀម និងផ្តល់អាហារូបករណ៍ដល់ប្អូនៗ ដើម្បីបន្តការសិក្សារហូតដល់ចប់មហាវិទ្យាល័យជារៀងរាល់ឆ្នាំ។

លោកបន្ដថា «ដើម្បីពង្រឹងគុណភាពសិស្សានុសិស្ស សុំស្នើឲ្យលោកគ្រូអ្នកគ្រូបន្ត ខិតខំទាំងកម្លាំងកាយចិត្ត ដើម្បីអប់រំ បង្រៀងដល់ប្អូនៗជាសិស្សានុសិស្ស ឱ្យកាន់តែខ្លាំងបន្ថែមទៀត ពិសេសសម្រាប់ប្អូនៗ ត្រូវត្រៀមខ្លួនប្រឡងបាក់ឌុបនៅឆ្នាំ២០២០ខាងមុខនេះ»

ក្នុងនោះលោក កៅ ថាច បានផ្តល់ឱកាសឱ្យសិស្សជ័យលាភីប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A ឆ្នាំសិក្សា២០១៩ ប្រចាំស្រុកខ្សាច់កណ្តាល ចែករំលែកពីបទពិសោធន៍ ដែលធ្វើឱ្យខ្លួនទទួលបានជោគជ័យផងដែរ។

លោកក៏បានឧបត្ថម្ភថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់វិទ្យាល័យ ព្រែកលួង ចំនួន២លានរៀល, សិស្សទិន្ទេសA ចំនួន២នាក់ ដោយក្នុងម្នាក់ៗទទួលបាន៤០ម៉ឺនរៀល, ជូនដល់វិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ទទួលបានក្តាខៀនកញ្ចក់ចំនួន៨ និងថវិកាចំនួន២លានរៀល និងបានឧបត្ថម្ភសិស្សនិទ្ទេសA ចំនួនម្នាក់ និងទទួលបានថវិការ៤០ម៉ឺនរៀល និងក្រុមរបាំ២០ម៉ឺនរៀលផងដែរ៕