(ភ្នំពេញ)៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដាវី អនុប្រធានទី២នៃរដ្ឋសភា បានផ្ញើសារមួយ សម្តែងការសោកស្តាយ និងក្តីរន្ធត់ក្ដុកក្ដួល ចំពោះការទទួលអនិច្ចធម្មរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល។

សាររបស់លោកស្រី ឃួន សុដារី បានផ្ញើសារលិខិតរំលែកទុក្ខទូលថ្វាយ សម្តេចព្រះអគ្គមហាសង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

ក្នុងសារលិខិតរំលែកទុក្ខ បានឲ្យដឹងថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំម្ចាស់ មានសេចក្តីសង្វេគ សោកស្តាយជាទីបំផុត ចំពោះការទទួលព្រះអនិច្ចធម្មរបស់ សម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ ដែលជាការបាត់បង់សម្តេចព្រះសង្ឃជាពហុស្សតដ៏ឆ្នើមបំផុត ក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា និងជាព្រះកវីនិពន្ធពោរពេញដោយព្រះពុទ្ធិជ្រៅជ្រះ។ ពិសេសសម្តេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ បានបន្សល់ទុកនូវស្នាព្រហស្ថយ៉ាងច្រើន ឥតគណនាក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងបានរួមចំណែកព្រះបរិច្ចាគទ្រទ្រង់ចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ដោយព្រះសទ្ធាជ្រះថ្លាបរិសុទ្ធថែមទៀត»

សូមបញ្ជាក់ថា សម្តេចព្រះធម្មលិខិត លាស់ ឡាយ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣៖០០ នាទីរសៀល ក្នុងព្រះជន្មាយុ ១០៦ព្រះវស្សា ដោយព្រះជរាពាធ៕