(ភ្នំពេញ)៖ នាយកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា អនុវត្តន៍តាមនិវេទន៍ក្រហម និងកិច្ចសហប្រតិបត្តិការជាមួយ សមត្ថកិច្ចនគរបាល ប្រទេសឥណ្ឌូណេស៊ី នៅវេលាម៉ោង២៖៣០រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចបាននាំខ្លួនទណ្ឌិតឈ្មោះ ឡេ ហុងហ្វី (Le Hong Phi) ដែលជាជនជាតិកាណាដា ពីប្រទេសឥណ្ឌូណេស៊ីមក ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា ជននេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជវិត ពីបទជួញដូរ រក្សាទុកនិង ដឹកជញ្ជូន ដោយខុសច្បាប់សារធាតុញៀន (កូកេអ៊ីន) ជាង១តោនពីប្រទេសអេក្វាឌ័រមកកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ តាមផ្លូវសមុទ្រហើយត្រូវសមត្ថកិច្ចចិនបង្ក្រាប នៅកំពង់ផែទីក្រុងសៀងហៃ។

លោកឧត្តមសេនីយ៍បន្តថា ជនល្មើសរូបនេះ ត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទោស៕