(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលព្រៃវែង បានអញ្ជើញចូលរួមបើកបវេសនកាលសិក្សា ឆ្នាំ២០១៩-២០២០ នៅវិទ្យាល័យព្រៃដើមថ្នឹង ស្ថិតនៅឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយមានការចូលរួមសិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្ស និងលោកគ្រូ អ្នកគ្រូ សរុបចំនួន១,២០០នាក់។

តំណាងរាស្រ្តមណ្ឌលព្រៃវែង បានថ្លែងសំណេះសំណាលអបអរសាទរ ក្នុងពិធីបើកបវេសនកាលថា ការអប់រំពិតជាមានសារៈសំខាន់ ដើម្បីបង្កើតធនធានមនុស្ស ធានាដល់ការអភិវឌ្ឍប្រជាជន និងសង្គមជាតិ ស្របតាមនិន្នាការរីកចម្រើនរបស់ប្រទេសជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកលភាវូបនីយកម្ម។

ទន្ទឹមនេះ ផ្អែកលើការវាយតម្លៃគណនេយ្យភាពសង្គមនៅកម្ពុជា លោកសង្កេតឃើញថា វិស័យអប់រំរបស់កម្ពុជា មានការរីកចម្រើនទាំងក្នុងទីក្រុង និងទីជនបទ ដែលផ្តល់ឱកាសឲ្យសិស្សានុសិស្សទូទាំងប្រទេស ទទួលបានការអប់រំមួយប្រកបដោយគុណភាព សមត្ថភាព និងបរិយាប័ន្ន ស្របតាមនិន្នាការរីកចម្រើន និងបទដ្ឋានអប់រំនៅក្នុងតំបន់ និងពិភពលោក។

ជាមួយនេះ លោក ជាម ប៉េអា បានណែនាំផ្តាំផ្ញើសិស្សានុសិស្សគ្រប់ៗរូប ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានខ្ជាប់ខ្ជួន និងអភិវឌ្ឍន៍សមត្ថភាពខ្លួនជាប្រចាំ ក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងប្រជាជនល្អ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខ្លួនគ្រួសារ និងសង្គមជាតិឲ្យកាន់ប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនេះ តំណាងរាស្រ្តមណ្ឌលព្រៃវែង បានចែករង្វាន់សិស្សពូកែពីលេខ១ ដល់៥ សរុបចំនួន១៥០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅសរសេរ ១០ក្បាល ប៊ិច៥ដើម នំ កាហ្វេ សរុបថវិកាម្នាក់ៗចំនួន៥០,០០០រៀល ព្រមទាំងជួយឧបត្ថម្ភកែលម្អតារាងបាល់ទះ និងបាល់បោះផងដែរសរុបថវិការួម ចំនួន១០លានរៀល៕