(ឧត្តរមានជ័យ)៖ សិស្សនិទ្ទេសA មួយរូបមានជីវភាពក្រីក្រនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទទួលបានផ្ទះមួយខ្នងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

យុវជន កែវ ពន្លឺ ជាសិស្សតែម្នាក់គត់មកពីខេត្តឧត្តរមានជ័យដែលទទួលបាននិទ្ទេសA ក្នុងសម័យប្រលងកាលពីខែសីហា ឆ្នាំ២០១៩នេះ។ ពន្លឺ មានទីលំនៅក្នុងភូមិទួលក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ពន្លឺ រស់នៅក្នុងគ្រួសារ ដែលមានជីវភាពក្រខ្សត់ សូម្បីតែលំនៅឋានក៏មិនសមរម្យនោះដែរ។

ក្រោយពេលទទួលបានព័ត៌មានពីភាពក្សត់ខ្សោយក្នុងជីវភាពរបស់ ពន្លឺ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់លំនៅឋានមួយខ្នងជូនដល់ ពន្លឺ និងគ្រួសារ ដើម្បីធ្វើជាទីជម្រកដ៏កក់ក្តៅ។

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ លោក ង៉ែត ចាន់ថុល អនុប្រធានក្រុមការងារចុះជួយស្រុកត្រពាំងប្រាសាទ ក្រោយទទួលបានការណែនាំពីទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តឧត្តរមានជ័យ បានចាប់ផ្តើមដឹកនាំកម្លាំងសាងសង់ផ្ទះមួយខ្នងនេះហើយ។

ផ្ទះមួយខ្នងនេះមានទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ តសំយ៉ាប ៤ម៉ែត្រ គុណ ៧ម៉ែត្រ ដោយត្រូវចំណាយថវិកាសរុប ៧,០០០ដុល្លារ។ ក្នុងនោះក៏មានការឧបត្ថម្ភពីលោកទេសរដ្ឋមន្ត្រី គន់ គីម ចំនួន ២,៥០០ដុល្លារ និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ចំនួន ២,៥០០ដុល្លារ។

ដោយឃើញការលំបាកក្នុងការចេញចូលផ្ទះ លោក ង៉ែត ចាន់ថុន ក៏បានសម្រេចជួយចាក់ដី និងធ្វើផ្លូវចូលផ្ទះប្រវែង ១,០០០ម៉ែត្រ ចំណាយថវិកា ២,០០០ដុល្លារ។ ផ្ទះនេះ នឹងសាងសង់រួចរាល់ក្នុងរយៈពេល១៥ថ្ងៃទៀត៕