(សហរដ្ឋអាមេរិក)៖ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីក្រុងឡូវ៉ែល នៃរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានប្រកាសមិនគាំទ្រ និងថ្កោលទោសចំពោះផែនការវិលត្រឡប់របស់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ មកកាន់កម្ពុជា ក្នុងការធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ខណៈបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

តំណាងប្រជាពលរដ្ឋទាំងនោះបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំដូចប្អូនឯង ប្រជាពលរដ្ឋយើងនៅឡូវ៉ែលមួយចំនួនធំ គឺមើលឃើញអញ្ចឹងដែល ក៏ប៉ុន្តែថាវាមានក្រុមប្រឆាំងមួយក្តាប់តូច មានលោក សម រង្ស៊ី ជាប្រធាន ដើម្បីចង់រំលំរដ្ឋាភិបាលខ្មែរយើង សួរថាតើវាមើលឃើញថា ការអភិវឌ្ឍរបស់ខ្មែរយើង តាំងពីផ្លូវ លើគ្រប់វិស័យ ប៉ុន្តែពួកប្រឆាំងវាអត់ដែលគិតឃើញថា ដើម្បីប្រទេសជាតិជឿនលឿនទេ និយាយទៅវាចង់ឱ្យប្រទេសខ្មែរយើងធ្លាក់ក្នុងសង្គ្រាម តែចំពោះខ្ញុំវិញ ខ្ញុំអត់គាំទ្រ ក៏ដូចបងប្អូនយើងនៅឡូវ៉ែលទាំងអស់គ្នា អ្នកណាមិនថាគាំទ្រសម្តេច (សម្តេចតេជោ ហ៊ុន សែន) អ្នកណាមិនគាំទ្រការដឹកនាំរបស់សម្តេចអញ្ចឹង»

ប្រជាពលរដ្ឋខ្មែរអនិកជនទាំងនោះ បានចាត់ទុកការស្រមើលស្រមៃរបស់ លោក សម រង្ស៉ី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា គឺជាសុបិនមួយមិនអាចខ្លាយជាការពិត ដោយសារតែ លោក សម រង្ស៉ី និងបក្ខពួក គ្មានលទ្ធភាពអាចយកឈ្នះរាជរដ្ឋាភិបាលស្របច្បាប់ទេ ព្រមទាំងមិនមានការគាំទ្រពីប្រជាពលរដ្ឋថែមទៀត ដោយសារតែវត្តមានរបស់គាត់ ជាការបំផ្លិចបំផ្លាញដល់ភាពសុខសាន្តរបស់ ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិករូបនេះ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ប៉ុន្តែពួកយើងមិនពាក់ព័ន្ធអី ដល់រឿងនយោបាយអីនោះទេ ប៉ុន្តែនិយាយតាមការមើលឃើញក្នុងនាមជាប្រជាជនម្នាក់ដែលនៅទីក្រុងឡូវ៉ែល ភាសាគែចង់រំដោះប្រទេសជាតិ បងចេះតែឆ្ងល់ថា រំដោះប្រទេសជាតិហ្នឹងវាស្អី វាកើតអីរាល់ថ្ងៃពលរដ្ឋមានឡានជិះពេញផ្លូវ មានវីឡាកើតឡើងយ៉ាងច្រើន សូម្បីក្មេងឃ្វាគោនៅជនបទមានទូរស័ព្ទប្រើប្រាស់ដែល មិនអញ្ចឹង ដល់វាគិតឃើញអញ្ចឹងខ្ញុំអត់គាំទ្រ និយាយជាការពិត»

ពួកគេបានរិះគន់ថា លោក សម រង្ស៉ី កន្លងទៅតែងតែតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្តែពេលនេះ មេដឹកនាំក្រុមប្រឆាំង បែរជាមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ដែលមិនមែនជាការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យទៅវិញ។

សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕