(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបង្ហាញពីលទ្ធផលនៃការជ្រើសរើស បានសំណាកអង្ករល្អជាងគេរបស់កម្ពុជា យកទៅប្រកួតប្រជែងអង្ករល្អជាងគេបំផុត របស់ពិភពលោក នៅប្រទេសហ្វីលីពីន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី០២ ខែវិច្ឆិកានេះ។

កម្មវិធីប្រកួតអង្ករល្អជាងគេនៅកម្ពុជា រៀបចំឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នាភោជនីយដ្ឋានគ្រឿង ហ្គាដិន ក្រោមអធិតបីភាព លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករក្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយសមាគមចុងភៅកម្ពុជា ដែលមានសមាសភាពគណៈកម្មការចុងភៅទាំងខ្មែរ និបរទេស ចំនួន៩រូប និងក្រុមហ៊ុនពិនិត្យគុណភាពអង្ករអន្តរជាតិចំនួន២ គឺក្រុមហ៊ុន OMIC និង ក្រុមហ៊ុន CCIC។

ក្រុមហ៊ុនចំនួន៩ និងអង្គការសហគមន៍ចំនួន១ បានប្រគល់នូវផលិតផលអង្ករជាសំណាកចំនួន១៨ចំណាក ក្នុងប្រភេទអង្ករ៣ប្រភេទ ដែលក្នុងនោះ ប្រភេទអង្ករក្រអូបប្រណិតចំនួន៦សំណាក ប្រភេទអង្ករក្រអូបចំនួន៧សំណាក និងប្រភេទអង្ករសគ្រាប់វែង៥សំណាក។

នៅក្រោមការវិនិច្ឆ័យយ៉ាងម៉ត់ចត់ពី គណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុចំនួន១៤រូប ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដើម (សពោះ ភាពបាក់ រូបរាង ទំហំ ពណ៌ ប្រវែង ភាពភ្លឺរលោង និងក្លិន) និងលក្ខណៈសម្បត្តិក្រោយចម្អិន (ភាពភ្លឺរលោង ភាពស្អិតរមួត រសជាតិ ក្លិន និងភាពងាយក្នុងការញុំា)។

ជាលទ្ធផលសំណាកអង្ករដែលបានពិន្ទុល្អជាងគេ ហើយទទួលបានលទ្ធផលគឺ៖

១៖ ជ័យលាភីលើប្រភេទអង្ករក្រអូបប្រណិត (Premium Aromatice Rice) ស្ថិតនៅក្នុងម៉ាកអង្ករ «ម្លិះអង្គរ»
* ចំណាត់ថ្នាក់លេខ១៖ ក្រុមហ៊ុន បេតាម៉រ
* ចំណាត់ថ្នាក់លេខ២៖ ក្រុមហ៊ុន ស៊ីកនេតឈ័ អហ្វអេស៊ា
* ចំណាត់ថ្នាក់លេខ៣៖ ក្រុមហ៊ុន បាយ័ន សៀរាល

២៖ ជ័យលាភីលើអង្ករក្រអូប (Fragrant Rice) ពូជសែនក្រអូប
* ចំណាត់ថ្នាក់លេខ១៖ ក្រុមហ៊ុន បាត់ដំបងរ៉ាយស៍ អ៊ិនវេសមេន
* ចំណាត់ថ្នាក់លេខ២៖ ក្រុមហ៊ុន អេមរុ រាយស៍
* ចំណាត់ថ្នាក់លេខ៣៖ ក្រុមហ៊ុន បាយ័ន សៀរាល

៣៖ ជ័យលាភីលើអង្ករសគ្រាប់វែង (Long Grain White Rice)
* ចំណាត់ថ្នាក់លេខ១៖ ក្រុមហ៊ុន វង្ស ប៊ុនហេង
* ចំណាត់ថ្នាក់លេខ២៖ អង្គការសហគមន៍អភិវឌ្ឍន៍សង្គមកម្ពុជា
* ចំណាត់ថ្នាក់លេខ៣៖ ក្រុមហ៊ុន បេតាម៉រ

សូមជម្រាបថា អង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អបំផុតដំបូងបំផុតនៅឆ្នាំ២០១២, ពីរឆ្នាំបន្តបន្ទាប់គឺ ឆ្នាំ២០១៣ នៅទី ក្រុង ហុង កុង, ឆ្នាំ២០១៤ ជាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងឆ្នាំ២០១៨ ក៏អង្ករកម្ពុជាប់លេខ១ផងដែរ៕