(ភ្នំពេញ)៖ ចៅសង្កាត់ទន្លេបាសាក់ លោក ខាត់ ណារិទ្ឋ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅបឋមសិក្សា-អនុវិទ្យាល័យសុធារស ដោយមានការចូលរួម ពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សាយ៉ាងអធឹកអធម។

ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃអនុវិទ្យាល័យសុធារស លោក ខាត់ ណារិទ្ឋ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ សំខាន់ជាងនេះទៅទៀត ត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជន។

ក្រៅពីការផ្តាំផ្ញើអំពីការសិក្សា លោក ខាត់ ណារិទ្ឋ ក៏បានអំពាវនាវឲ្យសិស្សានុសិស្សទាំងអស់ ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺត្រូវពាក់មួកសុវត្ថិភាព នៅពេលបើកបរម៉ូតូ និងដាក់ខ្សែក្រវ៉ាត់ជានិច្ច ពេលបើកបររថយន្ត ហើយក៏អំពាវនាវឲ្យយុវជនទាំងអស់ ត្រូវតែឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះដែរ លោក ខាត់ ណារិទ្ឋ ក៏បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃ ចំនួន៩នាក់ ក្នុងម្នាក់ៗ ចំនួន១០ម៉ឺនរៀល អមដោយលិខិតសរសើរ១សន្លឹក, សិស្សជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ នៃអនុវិទ្យាល័យ១៥នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល សៀវភៅ៥ក្បាល ប៊ិច២ដើម បន្ទាត់១ដើម និងសិស្សបឋមសិក្សា៦៣នាក់ ក្នុងម្នាក់ៗថវិកា២,០០០រៀល សៀវភៅ ២ក្បាល ប៊ិច២ដើម បន្ទាត់១ដើម៕