(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយនឹងលោកស្រី Ren Wanping អនុប្រធានសារមន្ទីរព្រះរាជវាំង (Palace Museum) ដើម្បីផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ការងារមួយចំនួន ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង់រមណីយដ្ឋានអង្គរ និងការគ្រប់គ្រងសារមន្ទីរនៅក្នុងតំបន់អង្គរ ព្រមទាំងការអភិរក្សវត្ថុសិល្បបុរាណ។

ក្នុងជំនួបនាថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានឱ្យដឹងថា សារមន្ទីរដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាមាន៣ គឺសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី។

លោកបានបញ្ជាក់ថា សារមន្ទីរទាំង៣នេះមិនបានបង្កើតដើម្បីប្រាក់ចំណូលច្រើននោះទេ ក៏ប៉ុន្តែគោលការណ៍របស់អាជ្ញាធរជាតិអប្សរា បង្កើតឡើងដើម្បីថែរក្សា លើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងឱ្យភ្ញៀវទេសចរសិក្សាស្វែងយល់ពីអារ្យធម៌ ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែច្បាស់។

ពិសេសទៅទៀត អាចឱ្យភ្ញៀវទេសចរ អ្នកសិក្សាស្រាវជ្រាវទទួលបានចំណេះដឹងបន្ថែមទៀត ក្រៅពីទៅទស្សនាប្រាសាទ ឬកន្លែងណាផ្សេងទៀត ហើយអាជ្ញាធរជាតិអប្សរាបើកជាប្រចាំឱ្យសិស្សានុសិស្សទៅសិក្សានៅកន្លែងបានផងដែរ។

លោកស្រី Ren Wanping បានលើកឡើងថា សារមន្ទីរព្រះរាជវាំង គឺជាអតីតរាជវាំងចិនបុរាណ សុទ្ធតែបង្ហាញអំពីស្នាដៃដ៏អស្ចារ្យនៃបុព្វបុរស ដែលជាចំណុចដ៏ទាក់ទាញភ្ញៀវទេសចរ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោកស្រី បន្ថែមទៀតថា ភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា គឺមកទស្សនាប្រាង្គប្រាសាទនៅអង្គរតែម្តង ព្រោះភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី១ ក្នុងចំណោមភ្ញៀវទេសចរជាច្រើនលាននាក់ដែលមកទស្សនាប្រទេសកម្ពុជា។

កំលុងពេលបំពេញទស្សនកិច្ចនេះ គណៈប្រតិភូបានទស្សនាសារមន្ទីរ ដើម្បីស្វែងយល់ពីវប្បធម៌កម្ពុជា ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗពីការគ្រប់គ្រងសារមន្ទីរជាតិអង្គរផងដែរ។