(ព្រះសីហនុ)៖ ប្តីប្រពន្ធ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធម៌ជាតីបំផុត នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈពេលដែលកំពុងជិះម៉ូតូ ត្រូវបានរថយន្តម៉ាក LEXUS RX300 មួយគ្រឿងបានបើកមកបុកពេញទំហឹងក្នុងទិសដៅស្របគ្នា ត្រង់ចំណោតអូរត្រាវ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក LEXUS RX300 ពាក់ផ្លាកលេខភ្នំពេញ 2M- 6291 បើកបរក្នុងទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បានបុកពីខាងក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ពាក់ផ្លាកលេខភ្នំពេញ1BU-0932 ជិះ២នាក់ប្តីប្រពន្ធ អ្នកបើកបរឈ្មោះ ម៉ាក រស់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករសំណង់ ដឹកប្រពន្ធឈ្មោះ ប៉ុក ង៉ែត អាយុ៤៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ មានទិសដៅស្របគ្នាបណ្តាលឱ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធ។

សូមបញ្ជាក់ផងដែរ ក្រោយកើតហេតុរថយន្តបង្កបើករត់គេចបាត់ ប៉ុន្តែបានជ្រុះផ្លាកលេខរថយន្ត បន្សល់ទុកជាវត្ថុតាងសម្រាប់សមត្ថកិច្ចស្រាវជ្រាវរកម្ចាស់រថយន្ត។
ចំណែកសាកសពជនរងគ្រោះទាំងពីរ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីណ៍ រីឯវត្ថុតាងម៉ូតូ ០១គ្រឿង និងផ្លាកលេខរថយន្ត បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នឹងកំពុងស្វែងរកជនបង្កហេតុ មកផ្តន្ទាទោសតាមច្បាប់៕