(ភ្នំពេញ)៖ វិស័យ​ថាមពល​ស្អាត​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ជា​ទី​មោទនៈ​​ក្នុង​ឆ្នាំ​២០១៩ កម្មវិធី​ «សប្ដាហ៍​ថាមព​ល​ស្អាត២០១៩»​ កំពុង​​​អបអរ​​សាទរ​និង​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​ទាំង​នេះ។ កម្មវិធី​ សប្ដាហ៍​ថាមពល​ស្អាត ​ចូល​រួម​អបអរ​ និង​ផ្ដល់​​ឱកាស​ក្នុង​ការ​បង្ហាញ​អំពី​សក្ដានុពល​នៃ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​កម្ពុជា។

ក្នុង​នាម​ជា​ការ​ជួបជុំ​ផ្នែក​ថាមពល​ស្អាត​ធំ​ជាង​គេ​នៅ​កម្ពុជា កម្មវិធី​នេះ​​​មាន​ព្រឹត្តិការណ៍​ចំណុះ​ជាង​៣០​​នៅ​ទូទាំង​​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។ កម្មវិធី​ សប្ដាហ៍​ថាមពល​ស្អាត ​នឹង​ផ្ដល់​ឱកាស​ជូន​សិស្សនិស្សិត អ្នក​អភិវឌ្ឍ​គម្រោង​ថាមពល អ្នក​អភិវឌ្ឍ​អចលនទ្រព្យ អ្នក​ជំនាញ​ការ​ផ្នែក​ថាមពល សហគ្រិន នវានុវត្តករ​បច្ចេកវិទ្យា និង​អ្នក​មាន​ចំណាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា​ទាំង​អស់​ស្វែង​យល់​អំពី​គម្រោង​ផ្សេងៗសិក្សា និង​ពិភាក្សាអំពី​ថាមពល​ស្អាត​ និង​ជួប​ជជែក​ជាមួយ​នឹង​អ្នក​ជំនាញ​ក្នុង​វិស័យ​ពាក់ព័ន្ធ។

សកម្មភាព​ទាំង​នេះ​ នឹង​បិទ​បញ្ចប់​ដោយរាត្រី​​ ព្រឹត្តិ-ការណ៍​ពិព័រណ៍​ និង​កំសាន្ត​​សប្ដាហ៍​ថាមពល​ស្អាត ដែល​នឹង​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន​ថាមពល​ចំនួន​១៥។ ​សូម​អំពាវនាវ​ដល់​​សាធារណជន​ មេត្តា​ចូលរួម​គាំទ្រ​​សមិទ្ធផល​​ក្នុង​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​កម្ពុជា។ ការ​ងាក​មក​ប្រើ​ថាមពល​ស្អាត​ នឹង​មិន​អាច​សម្រេច​បានឡើយ ប្រសិន​បើ​គ្មាន​ការ​ចូលរួម​ចំណែក​ពី​ទាំង​អស់​គ្នា ​​ដូច្នេះ​យើង​ម្នាក់ៗ​គួរ​ចូលរួម​ឱ្យ​បាន​គ្រប់ៗ​​គ្នា។

ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​នេះ នឹង​មាន​ការ​ធ្វើ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ ទៅ​រោងចក្រ​ធ្យូង​អនាម័យ​របស់​ក្រុមហ៊ុន​ធ្យូង​អនាម័យ ខ្មែរ​ ហ្គ្រីន ឆាលខូល ឯ.ក (Khmer Green Charcoal Co., Ltd.)។ ក្រុមហ៊ុន​នេះ​កំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ទប់ស្កាត់​ការ​បាត់បង់​ព្រៃឈើ ទន្ទឹម​នឹង​ការ​ផ្គត់ផ្គង់​​ផលិផល​មួយ​ដែល​ជួយ​ការពារ​សុខភាព​នៃ​អ្នក​ប្រើប្រាស់។ ដំណាល​គ្នា​នេះ ក្រុមហ៊ុន អេធិក​ បាយអូដាយចេស្តឺ​​ អិនធឺណាសិនណាល់ (ATEC Biodigesters International) ក៏​នឹង​ស្វាគមន៍​សាធារណជន​ឱ្យ​​ចូលមើល​ផ្ទះបាយ​គំរូ​របស់​អតិថិជន​ខ្លួន ដើម្បី​ជួយឱ្យ​​សាធារណជន​ស្វែងយល់​ច្បាស់​អំពី​ការ​កែ​ច្នៃ​កាក​សំណល់​ ដើម្បី​ចម្រាញ់យក​​ឧស្ម័ន​ស្អាត​សម្រាប់​ចម្អិន​អាហារ​និងអំពី​​គុណប្រយោជន៍​នៃ​បច្ចេកវិទ្យា​នេះ​ចំពោះ​ជីវភាព​​​អ្នក​ប្រើប្រាស់។

ក្រុមហ៊ុន អេកូសាន់ (ខេមបូឌា) (Ecosun (Cambodia)) ក៏​នឹង​បើទ្វារ​ដំណើរ​ការ​នា​ថ្ងៃ​សៅរ៍សប្ដាហ៍នេះ ដើម្បី​ស្វាគមន៍​អ្នក​ចូល​ទៅ​ទស្សនា​ និង​ស្វែង​យល់​បន្ថែម​អំពី​ផលិតផល​​របស់​ខ្លួន​ដែល​ផ្ដល់​អគ្គិសនី​ ដល់​​សហគមន៍​ជនបទ​ដែល​គ្មាន​​ខ្សែ​បណ្ដាញ​អគ្គិសនី​ទៅ​ដល់។

សម្រាប់​អ្នក​ដែល​កំពុង​ស្វែង​រក​កម្មវិធីនៅ​ភ្នំពេញ ​​ដើម្បី​ចូលរួម​កម្មវិធី​សប្ដាហ៍​ថាមពល​ស្អាត ​បាន​សហការ​ជាមួយ​នឹង​ Factory Films និង​អង្គការ​មូលនិធិ​ពិភព​លោក​ដើម្បី​ធម្មជាតិ (WWF) ដើម្បី​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​ក្រោម​ចំណង​ជើង «ភព​របស់​យើង» ត្រង់​វគ្គ​ទឹក​សាប ដែល​លើក​យក​​​បញ្ហា​​គម្រោង​វារី​អគ្គិសនី​ខ្នាត​ធំ​ក្នុង​ទន្លេមេគង្គ និង​ជម្រើស​​នានា​ដោយ​ឡែក​ពី​នេះមក​បង្ហាញ។

បន្ទាប់​ពី​នេះ នា​ថ្ងៃទី​៦ ខែ​វិច្ឆិកា អង្គ​ការអុកស្វាម (Oxfam) អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម (CVS) និង​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum on Cambodia) នឹង​សហការ​រៀបចំ​ កិច្ច​ពិភាក្សា​ថាមពលស្អាត ​លើ​ប្រធានបទ​ «ជម្រើស​ផ្សេងៗ​ជំនួស​ឱ្យ​វារី​អគ្គិសនី​ខ្នាត​ធំ»។ រី​ឯក្រុមហ៊ុន Sirea នឹង​រៀបចំ​បើ​កទ្វារ​រោង​ជាង​ខ្លួន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ជូន​សាធារណជន ដើម្បី​បង្ហាញ​អំពី​ដំណោះ​ស្រាយ​ដ៏​អស្ចារ្យ​ក្នុង​ការ​បង្កើន​ទិន្នផល​ប្រព័ន្ធ​ថាមពល​និង​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​តាម​រយៈ​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្តិកម្ម។

កម្មវិធី​ សប្ដាហ៍​ថាមពល​ស្អាត ​ក៏​នឹង​ផ្ដល់​ឱកាស​ឱ្យ​​នវានុវត្តករ យុវជន និង​សហគ្រិនបាន​ជួបជុំ​គ្នា​នៅ Impact Hub ក្នុង​កម្មវិធី «នវានុវត្តន៍​បៃតង៖ ប្លុកឆេន, បញ្ញា​សិប្បនិមិត្ត និង​សញ្ញាបណ្ណ​បៃតង» និង​កិច្ច​ពិភាក្សា​ដែល​រៀបចំ​ដោយ​ក្លឹប​តស៊ូមតិ​របស់​វិទ្យាស្ថាន​ភាសាបរទេស ​លើ​ប្រធានបទ «​តើ​កម្ពុជា​គួរ​ហាម​ឃាត់​ការ​ប្រើប្រាស់​ឥន្ទនៈ​ហ្វូស៊ីល​ឬ​ទេ?»។ ទន្ទឹម​នឹង​នេះ នឹង​មាន​សិក្ខាសាលា​ចំនួន​ជាង​២០ សម្រាប់សិស្ស​និង​និស្សិត​ ព្រមទាំង​មាន​កម្មវិធី​​ ប្រកួត​ប្រជែង​ថាមពល​ស្អាត ដែល​បើកឱកាស​ឱ្យ​ប្អូនៗ​សិស្ស​វិទ្យាល័យ​បាន​ស្វែង​យល់​ពី​អាជីព​​និង​អនាគត​នៅ​ក្នុង​វិស័យ​ថាមពល​ស្អាត។

គួរ​កត់​សម្គាល់​ថា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ កម្ពុជា​បាន​ងាក​ទៅ​រក​ប្រភព​ថាមពល​ស្អាត​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អគ្គិសនី​របស់​ខ្លួន។ បច្ចុប្បន្ន កម្ពុជា​បាន​អនុម័ត​គម្រោង​​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ធំៗ​ចំនួន​ពីរ, ​គម្រោង​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិ្យ​ដែល​មាន​អានុភាព​ផ្គត់ផ្គង់សរុបជាង​ ៤១០មេហ្កាវ៉ាត់ ​និង​គម្រោង​ថាមពល​​ខ្យល់​ដែល​មាន​អានុភាព​ផ្គត់ផ្គង់សរុប​ជាង​​៨០មេហ្កាវ៉ាត់។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ក៏​បាន​ចេញ​សេចក្ដី​ព្រាង​អត្រា​ថ្លៃ​អគ្គិសនី​ថ្មី​ ដែល​នឹង​ជំរុញ​​ឱ្យ​មាន​ការ​កាត់​បន្ថយ​ថ្លៃ​ថាមពល តាម​រយៈការ​គ្រប់គ្រង​តម្រូវ​ការ​និង​រយៈ​ពេល​មាន​តម្រូវ​ការ​គំហុក និងតាមរយៈ​ការ​​បើក​ផ្លូវ​ប្រសើរ​ជាង​មុន​ឱ្យ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ចូលរួម​បង្កើន​សមាមាត្រ​ថាមពល​បៃតង​ក្នុង​វិស័យ​ថាមពល​របស់​នៅ​​កម្ពុជា។ ដោយ​មាន​ការ​គាំទ្រ​ពី​ធនាគា​រអភិវឌ្ឍ​ន៍​អាស៊ី ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី រាជរដ្ឋាភិបាលកម្ពុជា​ តាម​រយៈ​អគ្គិសនី​កម្ពុជា ក្រសួង​រ៉ែ​និងថាមពល អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ កំពុង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ខ្សែ​បណ្ដាញ​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​និង​ធ្វើសមាហរណ-កម្ម​ថាមពល​កកើត​ឡើង​វិញ​ចូល​ក្នុង​ប្រព័ន្ធ​ខ្សែ​បណ្ដាញ​នេះ សំដៅ​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​ដែល​ស្អាត​និង​មាន​តម្លៃ​សមរម្យ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​បន្ត​មាន​កំណើន​និង​មាន​ការ​អភិវឌ្ឍ៕