(តាកែវ)៖ កងទ័ពនៅក្នុងខេត្តតាកែវទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការទទួលបទបញ្ជាពីថ្នាក់លើ ដើម្បីចេញធ្វើសកម្មភាពទប់ស្កាត់ មិនឲ្យមានការបំផ្លាញសុខសន្តិភាព និងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសិករងតាកែវ បានបញ្ជាក់ថា កន្លងមកថ្មីៗនេះមេក្រុមឧទ្ទាមទណ្ឌិត សម រង្ស៊ី បានអំពាវនាវដល់ប្រជាជន ជាពិសេសកងទ័ព នាំគ្នាឡើងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋ ដូច្នោះក្នុងនាមលោកជាមេបញ្ចាការកងទ័ពនៅក្នុងខេត្តតាកែវ សូមប្រកាសថា កងទ័ពនៅក្នុងខេត្តតាកែវទាំងមូល មិនស្ដាប់តាមការអំពាវនាវរបស់មេក្រុមឧទ្ទាមទណ្ឌិត សម រង្ស៊ី នោះទេ ផ្ទុយទៅវិញយើងស្ដាប់តែបទបញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋ ហើយកងទ័ពនៅក្នុងខេត្តតាកែវទាំងមូល ក៏ត្រៀមខ្លួនការពារសន្តិភាព ការពាររាជរដ្ឋាភិបាល មិនឲ្យក្រុមឧទ្ទាមមកបង្កភាពវិកវរក្នុងសង្គមបានជាដាច់ខាត។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា បានបន្តថា ការអំពាវនាវរបស់មេឧទ្ទាមទណ្ឌិត សម រង្ស៊ី គឺជាទង្វើខុសច្បាប់ដែលឈានឆ្ពោះទៅក្រសោបយកអំណាច តាមរយៈការយកឈាមរបស់ប្រជាពលរដ្ឋធ្វើជាឈ្នាន់ ដូច្នោះកងទ័ពទូទាំងខេត្តតាកែវ សូមប្រកាសប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលកន្លងមកបានប្រមាថព្រះមហាក្សត្រ ហើយមានផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តពណ៌។

កងទ័ពនៅទូទាំងខេត្តតាកែវ បានត្រៀមខ្លួនរូចរាល់ហើយ ដោយរង់ចាំតែបទបញ្ជាពីថ្នាក់លើបុណ្ណោះ ក្នុងការចេញទៅកម្ទេចក្រុមឧទ្ទាមក្បត់ជាតិប្រសិនណាបើពួកគេបង្កបញ្ហាវឹកវរក្នុងសង្គម និងឈាមដល់បន្ទាត់ក្រហម៕