(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មានអមដំណើរដោយឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ បានចុះត្រួតពិនិត្យសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងទាំង ៣ប្រភេទ ដែលកំពង់រៀបចំដង្ហែរក្បួនដើម្បីល្បាតការពារសុវសន្តិភាព ការពារសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ រង់ចាំនៅតាមដងផ្លូវដើម្បីលើកកម្លាំងចិត្ត។

ប្រជាពលរដ្ឋ ថែមទាំងមានផ្តល់ជូន មី ទឹកសុទ្ធ ទឹកក្រូច និងសម្ភារមួយ ក្នុងការលើកទឹកចិត្ត ដែលកងកម្លាំងប្រដាប់អាវុធហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីការពារសន្តិភាព ដែលកើតមានឡើងបច្ចុប្បន្ននេះ។ ការដង្ហែរក្បួនកងកម្លាំងទាំង៣ប្រភេទ ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលជាតិខេត្តកោះកុង។

លោកឧត្តមសេនីយ៍ឯក តេង សួន បានថ្លែងថាកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវស្នេហាជាតិ ស្មោះត្រង់ជាមួយប្រទេសជាតិ ជាមួយប្រជាពលរដ្ឋ ព្រោះកងកម្លាំងប្រដាប់វុធមានកាតព្វកិច្ច យ៉ាងសំខាន់ដើម្បី ការពារសុវសន្តិភាព សន្តិភាពជូនប្រជាជនជូនប្រទេសជាតិ ដែលកើតមកពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្វែងរកសន្តិភាព ការអភិវឌ្ឍរីកចម្រើន មានធនធានមនុស្ស។

លោកឧត្តមសេនីយ៍ឯក តេង សួន បានបញ្ជាក់ថា «ដូច្នេះកម្លាំងប្រដាប់អាវុធយើងទាំងអស់ត្រូវជឿជាក់ទៅលើសម្តេចតេជោជានិច្ច ដែលសម្តេចតែងតែរកសុខសន្តិភាពជូនជាតិ ជូនប្រជាជនទូរទាំងប្រទេស»។

លោកបានថ្លែងបន្តថា« យើងទាំងអស់គ្នាមិនត្រូវជឿលើសម្តីជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ដែលហ៊ានប្រមាថជាតិសាស្រ្តឯង ព្រមទាំងហ៊ានប្រមាថព្រះចេស្តាព្រះមហាក្សត្រខ្មែរ ថែមទាំងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទៀត។ នេះបញ្ជាក់ឲ្យឃើញថាទង្វើបង្ហាញនៃការក្បត់ជាតិពេញទីទៀតផងព្រោះទណ្ឌិត សម រង្ស៊ី នេះបាននិងកំពុងព្យាយាមទាញទម្លាក់ប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជាទាំងមូលឲ្យធ្លាក់ចូលក្នុងមហាគ្រោះថ្នាក់ គ្រោះមហន្តរាយ អសន្តិសុខ អសន្តិភាព និងភាពវឹកវរដូចទស្សវត្សឆ្នាំ១៩៧០»។

លោកស្រី មិថុនា ភូថងបានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានតួនាទីសំខាន់ក្នុងការការពារទឹកដីការពារសន្តិភាពជូនជាតិមាតុប្រទេសជាតិ មិនត្រូវជឿលើសម្តីញុះញុងជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ដែលមានផែនការណ៍ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីបេះដូងប្រជាពលរដ្ឋស្របច្បាប់។

លោកស្រីបានបញ្ជាក់ថា កម្លាំងនគរបាលជាតិ ត្រូវប្តេជ្ញាការពារព្រះរាជបាល័ង្លឲ្យបានគង់វង្ស ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីបេះដូងប្រជារាស្រ្តខ្មែរ ហើយកម្លាំងនគរជាតិត្រៀមលក្ខណៈជាស្រេច ដើម្បីកម្ចាត់ជនក្បត់ជាតិទណ្ឌិត សម រង្ស៉ី ជានិច្ចទោះបីស្ថិតក្នុងស្ថានការណាក៏ដោយ មិនឲ្យជនក្បត់ជាតិមកបំផ្លាញសុខសន្តិភាព របស់ប្រទេសកម្ពុជាបានឡើយ។ ហើយកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួនឲ្យបានរួចរាល់ជាស្រេចដើម្បីចាប់ខ្លួនជនក្បត់ជាតិទណ្ឌិត សម រង្ស៊ី ឲ្យខានតែបានតាមដីការរបស់តុលាការ ប្រសិនឃើញមានវត្តមាននៅដែនគោ ឬដែនទឹកក្នុងទឹកដីខេត្តកោះកុង៕