(តាកែវ)៖ លោក រស់ ផាន អាយុ៦៧ឆ្នាំ រស់នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ ដែលមានតួនាទីជាអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកត្រាំកក់ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលសារភាពទោសកំហុសនៅចំពោះមុខសមត្ថកិច្ច ក្រោយផុងខ្លួនចាញ់បោកទណ្ឌិត សម រង្ស៉ី ដើរតាមគំនិតក្បត់ជាតិប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម។
នៅចំពោះសមត្ថកិច្ច នគរបាលខេត្តតាកែវ លោក រស់ ផាន បានអះអាងថា លោកបានចូលរួមតស៊ូយូរឆ្នាំជាមួយអតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែគ្មានលទ្ធផលនោះឡើយ ដូច្នេះហើយទើបលោក សម្រេចចិត្តសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តី ហើយនឹងបានអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោក រស់ ផាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវភ្ញាក់រលឹក និងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបានដឹកនាំប្រទេសមានការរីកចម្រើនយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ម្សិលមិញ ជនត្រូវចោទ ២នាក់ ដែលជាសមាជិករបស់ក្រុមឧទ្ទាម សម រង្ស៉ី ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ ឃាត់ខ្លួនពាក់ព័ន្ធនឹងការចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាល។
ស្នងការ នគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សមាជិកក្រុមឧទ្ទាមទំាំង ២នាក់នេះរួមមាន៖
* ទី១៖ ឈ្មោះ ថាវ រិទ្ធិ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធ «រួមគំនិតក្បត់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»
* ទី២៖ ឈ្មោះ កូយ ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរពេទ្យ មានទីលំនៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធ «រួមគំនិតក្បត់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»។
សូមបញ្ជាក់ថា ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជា។ នេះបើយោងតាមទណ្ឌិត សម រង្ស៉ី ប្រកាសតាមវីដេអូផ្សាយផ្ទាល់លើ Facebook របស់ខ្លួននៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទណ្ឌិត សម រង្ស៉ី បានថ្លែងថា «គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រហែលត្រូវពន្យារពេលបន្តិច....ពីព្រោះក្រុមហ៊ុនអាកាសចរណ៍របស់ថៃ មិនឱ្យខ្ញុំឡើងលើយន្តហោះដែលត្រូវហោះមកប្រទេសថៃ ដើម្បីខ្ញុំបន្តដំណើរទៅប្រទេសកម្ពុជា»។
មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ឲ្យដឹងថា «សម រង្ស៉ី មិនមានឈ្មោះក្នុងជើងហោះហើរពីប៉ារីស ទៅកាន់ទីក្រុងបាងកក នៅថ្ងៃទី០៧ វិច្ឆិកានេះទេ»។