(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ សហការជាមួយអ្នកជំនាញរបស់ សហព័ន្ធកីឡាប្រណាំងកង់ពិភពលោក (UCI) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យកំណត់ទីតាំង និងការងារបច្ចេកទេសឆ្ពោះទៅការរៀបចំព្រឹត្តការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ព្រឹត្តការណ៍ប្រណាំងកង់កម្រិតពិភពលោកលើកទី១ នៅក្នុងប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងព្រឹត្តិការណ៍កម្រិតស្តង់ដាអន្តរជាតិនេះ នឹងធ្វើការរៀបចំបែងចែក ផ្លូវសម្រាប់ការប្រណាំងកង់ជា បីសៀគ្វី ដូចខាងក្រោម៖

ដំណាក់កាលត្រៀម៖ ប្រព្រឹត្តទៅនៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០។

សៀគ្វីទី ១៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២០ ចេញដំណើរពី រមណីយដ្ឋានតារាសាគរនៃខេត្តកោះកុង ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅកាន់ទីរួមខេត្តកោះកុង។

សៀគ្វីទី ២៖ ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២០ ដោយចេញដំណើរពីត្រង់ចំណុចស្ពានអណ្តូងទឹកនៃស្រុកបុទុមសាគរ ឆ្លងកាត់មកផ្លូវបំបែកស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរិញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោនៃខេត្តកំពត។

សៀគ្វីទី ៣៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយចេញដំណើរពីកំពូលភ្នំបូកគោ ឆ្ពោះមករង្វង់មូលធុរេន ក្នុងទីរួមខេត្តកំពត បន្តមករង្វង់មូលសេះស និងបញ្ចប់នៅមុខសាលាខេត្តកែប។

លោក នី ផល្លី បានគូសបញ្ជាក់ថា ព្រឹត្ដិការណ៍នេះនឹងមានការចូលរួមមិនត្រឹមតែក្រុមជិះកង់អាជីពចំនួន ២០ ក្រុម (១ក្រុម ជាក្រុមជម្រើសជាតិកម្ពុជា និង១៩ ក្រុមទៀតមកពីប្រទេសជាង១៥ ផ្សេងៗគ្នាជុំវិញពិភពលោក) ប៉ុណ្ណោះទេ ថែមទាំងមានក្រុមបណ្តាញសារព័ត៌មាន មកពីបណ្តាប្រទេសទាំង ១៥ នោះ មកធ្វើបទយកការណ៍ផងដែរ ដែលប្រការនេះនឹងជួយជំរុញដល់ការផ្សព្វផ្សាយ នូវព្រឹត្តការណ៍កីឡាទេសចរណ៍កម្រិតពិភពលោកនៅកម្ពុជាផង ក៏ដូចជាអំពីសក្តានុពល នៃតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញនានានៅក្នុងខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាយើង ឲ្យបានទៅដល់ទេសចរក្នុងតំបន់ និងពិភពលោកបានកាន់តែទូលំទូលាយ។

លោកអនុរដ្ឋលេខាធិការរូបនេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន និងពិសេសមូលដ្ឋានអាជីវកម្ម និងប្រជាពលរដ្ឋនៅតាមដងវិថីដែលត្រូវរៀបចំព្រឹត្តការណ៍នេះ ត្រៀមចូលរួមគាំទ្រ អបអរសាទរ និងទស្សនាព្រឹត្តការណ៍ប្រណាំងកង់កម្រិតពិភពលោកដ៏អស្ចារ្យលើកទី១នេះ ឲ្យច្រើនកុះករទាំងអស់គ្នា៕