(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សា រាជធានី-ខេត្ត នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំលើកទី១ ថ្នាក់ដឹកនាំសមាគម ជាមួយប្រធាន ក្រុមប្រឹក្សារាជធានី-ខេត្ត ទាំង២៥ ក្នុងគោលបំណងពិនិត្យ និងពិភាក្សាផែនការសកម្មភាពត្រីមាសទី៤ ឆ្នាំ២០១៩ ព្រមទាំងកែសម្រួលថ្នាក់ដឹកនាំកម្រងទាំង៥ របស់សមាគម និងជ្រើសតាំងតំណាង សមាគមជាតិ ទៅក្នុងស្ថាប័ននានា។

សមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។

ក្រុមប្រឹក្សារាជធានីភ្នំពេញ និង២៤ ក្រុមប្រឹក្សាខេត្ត គឺជាសមាជិកសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត៕