(ព្រះវិហារ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានលោក ដួង មុនី ជាប្រធានសាខា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី ចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ ស្រាប់តាមផ្ទះលក់ទំនិញនានា ក្នុងភូមិស្រម៉ូវ ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាលទ្ធផលបានរកឃើញទំនិញចំនួន៦មុខ ហួសកាលបរិច្ឆេទប្រើប្រាស់ និងធ្វើពិធីដុតកំទេចចោល។

ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឱ្យដឹងថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទទាំងនោះ រួមមាន៖

ទី១៖ ទឹកក្រូច ចំនួន ២៤ដប ស្មើ ៩.៣៦លីត្រ
ទី២៖ ទឹកផ្លែឈើ ចំនួន ១៩ដប ស្មើ ៦.៨៤លីត្រ
ទី៣៖ ភេសជ្ជៈប៉ូវកម្លាំង ចំនួន០៧ដប បូក៣០កំប៉ុង ស្មើ ៨.៥៥គីឡូក្រាម
ទី៤៖ ទឹកស៊ីរ៉ូ ចំនួន១៧ដប ស្មើ ១២.៧៧លីត្រ
ទី៥៖ កាហ្វេកញ្ចប់ ចំនួន០២កញ្ចប់ ស្មើ ១.៦ គីឡូក្រាម
និងទី៦៖ ប័រ ចំនួន៦០កំប៉ុង ស្មើ ៤.៨ គីឡូក្រាម។

ក្នុងឱកាសនោះផងដែរ មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ អ្នកលក់ដូរទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារ ទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕