(ភ្នំពេញ)៖ លោក ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកជីអ៊ី (GE) ដែលជាក្រុមហ៊ុនអាមេរិកដ៏ធំមួយ មានបំណងចង់ចូលរួម ក្នុងវិស័យថាមពលនៅកម្ពុជា ដើម្បីរួមវិភាគទានលើការខ្វះខាតអគ្គីសនី។

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ប៉ាទ្រីក មើហ្វី ជួបពិភាក្សាការងារ ជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានជម្រាបជូនថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈជាមួយអង្គការការងារអន្តរជាតិ (ILO) និងសមាគមរោងចក្រ កាត់ដេរនៅកម្ពុជា ស្ដីពី កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីបន្តលើកកម្ពស់លក្ខខណ្ឌការងារ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលទទួលស្គាល់ស្តង់ដារការងារជាអន្តរជាតិ។

លោកថា ការអនុវត្តគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយក៏បានទាក់ទាញវិនិយោគទុន បង្កើតការងារ និងប្រាក់ចំណូលសម្រាប់កម្មករ-កម្មការិនី ឲ្យកាន់តែប្រសើរទ្បើង។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានសម្ដែងការសរសើរ ចំពោះការចូលរួមលើការ ពង្រឹងស្ដង់ដារការងារដោយក្រុមហ៊ុនអាមេរិក ដែលបានវិនិយោគទុននៅកម្ពុជា ហើយក៏សំណូមពរឲ្យមានការកៀរគរ វិនិយោគទុនបន្ថែមទៀត លើវិស័យដែលបង្កើតតម្លៃ និងជំនាញបន្ថែមដូចជា កែច្នៃកសិផល កែច្នៃត្បូងពេជ្រ កម្មន្ដសាលធន់ស្រាល អេឡិចត្រូនិក -ល-។

ជាកិច្ចឆ្លើយតប លោក ប៉ាទ្រីក មើហ្វី បានគាំទ្រការអនុវត្តគោលនយោបាយការងាររបស់កម្ពុជា ដោយយល់ថា ការរក្សាបាន និងលើកកម្ពស់បន្ថែមទៀត នៃស្ដង់ដារការងារនៅកម្ពុជា ក៏ពង្រឹងកិត្តិនាមរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគទុនបន្ថែមទៀត។

លោកឯកអគ្គរដ្ឋទូត ក៏បានឯកភាពលើការចូលរួមវិភាគទាន របស់ក្រុមហ៊ុនអាមេរិកក្នុងវិស័យនេះ ក៏ដូចជាបង្កើតការងារ និងបណ្ដុះបណ្ដាលជំនាញជូនពលករកម្ពុជា។

ឯកអគ្គរដ្ឋទូតអាមេរិកបានថ្លែងថា ក្នុងរយៈពេលដ៏ខ្លីដែលលោក បានមកបំពេញបេសកកម្មនៅកម្ពុជា លោកយល់ឃើញថា សហគ្រាសធុនតូច និងមធ្យម ជាចលករមួយដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្ថានទូតអាមេរិក នឹងរៀបចំវេទិកាស្ដីពីកសិ-ឧស្សាហកម្ម នៅខែកុម្ភៈ ឆ្នាំ២០២០ ហើយនឹងអញ្ជើញក្រសួងពាណិជ្ជកម្មចូលរួមក្នុងវេទិកានេះ។

ក្រៅពីនេះទៀត លោកក៏បានជម្រាបថា ក្រុមហ៊ុនអាមេរិកជីអ៊ី (GE) ក៏មានបំណងចូលរួមក្នុងវិស័យថាមពល ដើម្បីរួមវិភាគទានលើការខ្វះខាតអគ្គីសនីនៅកម្ពុជា។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិក និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ចូលរួមឲ្យបានសកម្មក្នុងដំណើរការវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីលើកកិច្ចប្រឈមនានា ដើម្បីរាជរដ្ឋាភិបាលដោះស្រាយជូនបានទាន់ពេលវេលា៕