(កំពង់ធំ)៖ ឆ្នាំសិក្សាថ្មីនេះសិស្សានុសិស្ស ក្នុងអនុវិទ្យាល័យក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានចូលសិក្សាក្នុងអគារថ្មីជាបណ្ដើរៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងសម្រួលដល់ការសិក្សា។ នេះបើតាមលោក ឯក ប្រុស អ្នកទទួលការងារសាងសង់អគារសិក្សាថ្មី បានជម្រាបជូនដល់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក ក្នុងឱកាសលោកអញ្ជើញ ទៅពិនិត្យអគារសិក្សាថ្មីនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

អគារសិក្សាថ្មី១ខ្នងនេះមានកម្ពស់២ជាន់ និង១២បន្ទប់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនតាមរយៈលោក ជា ចាន់តូ និងលោកស្រី កាលពីពេលកន្លងទៅ។

បច្ចុប្បន្នអគារសិក្សាថ្មី សម្រេចបានជាង៩០%ហើយ និងបើកឲ្យសិស្សចូលរៀនជាបណ្ដើរៗ។

លោក ជា ចាន់តូ បានបញ្ជាក់ថា សមិទ្ធផលទាំងឡាយ ដែលប្រទេសជាតិ មានសព្វថ្ងៃកើតចេញការខិតខំ របស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងការចូលរួមយ៉ាងធំធេងពីប្រជាពលរដ្ឋ។

លោកបានបន្ដថា ដោយឡែកសម្រាប់សាលារៀន និងសំណង់អគារសិក្សានៅទូទាំងប្រទេស ដូចនៅទីនេះជាសក្ខីភាពស្រាប់ គឺសុទ្ធតែជាមានចក្ខុវិស័យ របស់សម្ដេចតេជោហ៊ុនសែន ដើម្បីជួយលើកកំពស់វិស័យសិក្សា។ ដូចនេះបានខិតខំបង្ខិតសាលារៀន ឲ្យនៅកាន់តែជិតបំផុតនឹងសិស្ស ដើម្បីឲ្យពួកគេកាន់តែងាយស្រួល និងមានឱកាសនៅរៀនសូត្រដូចសិស្សដទៃៗទៀត សមតាមបំណងប្រាថ្នា។

លោក ជា ចាន់តូ បានស្នើឲ្យប្រជាពលរដ្ឋត្រូវរួមសាមគ្គី បន្តថែរក្សាការពារសុខសន្តិភាព ដែលមាននេះឲ្យបានគង់វង្ស ព្រោះសុខសន្តិភាពជាមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់អភិវឌ្ឍប្រទេស និងនាំឲ្យមានអ្វីៗគ្រប់យ៉ាង ព្រមទាំងរស់នៅដោយសុខសាន្ត និងហើយត្រូវចងចាំថា មានតែគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ។

លោកបានបន្ដថា ដូចនេះត្រូវបន្តគាំទ្រចំពោះ គោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំ ដោយសម្ដេចតេជោ ហ៊ុន សែន បន្តទៀត ដើម្បីការរីកចម្រើនសង្គមជាតិ និងការរស់នៅប្រកបដោយសេចក្ដីសុខសាន្ត និងសម្បូររុងរឿងបន្ត។

សូមបញ្ជាក់ថា ដើម្បីជាចំណងដៃសម្រាប់ឆ្នាំសិក្សាថ្មីនេះលោក ជា ចាន់តូ បានចែកជូន សៀវភៅ ប៉ិច ខ្មៅដៃ ក្រណាត់ស សារុង និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកយាយលោកតា ប្រជាពលរដ្ឋសិស្សជាង៧០០នាក់៕