(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសេចក្តីនឹករលឹកដល់បងប្អូនជនរួមជាតិ ខណៈដែលក្នុងសប្តាហ៍នេះ សម្តេចមានកិច្ចការជាតិសំខាន់ៗយ៉ាងត្រូវបានបំពេញ។

បើទោះបីជាមមាញឹកខ្លាំងយ៉ាងដូច្នេះក្តី ក៏សម្តេចតេជោបង្ហាញនូវក្តីពេញចិត្ត ក្នុងការបម្រើប្រទេសជាតិ ដើម្បីសេចក្តីសុខសន្តភាព និងការរីកម្រើនសម្រាប់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែវិច្ឆិកាស្អែកនេះ សម្តេចនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េផងដែរ ដែលសង្ឃឹមថា នឹងបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ សិស្សនិស្សិត និងពលករ ពលការិនី កំពុងធ្វើការនៅទីនោះ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា វត្តមានសម្តេចតេជោនៅប្រទេសកូរ៉េខាងត្បូងនៅពេលនោះ នឹងជួយឲ្យលក្ខខណ្ឌការងាររបស់ពលករ ពលការិនីដែលកំពុងបម្រើការងារនៅកូរ៉េកាន់តែល្អប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Faceook ទាំងស្រុងយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ, ពេញមួយសប្តាហ៍នេះ ខ្ញុំពិតជារវល់ខ្លាំង ជាមួយកិច្ចការជាតិសំខាន់ៗ រួមទាំងការសម្ពោធរោងចក្រស៊ីម៉ងត៍នៅខេត្តកំពត និងបើកការដ្ឋានកសាងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ និងកិច្ចប្រជុំកំពូលអន្តរជាតិអាស៊ីប៉ាស៉ីហ្វិកលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ គឺជួបភ្ញៀវព្រឹកល្ងាចៗ រកដកឃ្លាសឹងមិនរួច។ ប៉ុន្តែទោះបីរវល់បែបនេះ ក្តីគឺខ្ញុំពេញចិត្ត ក្នុងការបម្រើប្រទេសជាតិ ដើម្បីសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូនប្រជាពលរដ្ធ។

នៅថ្ងៃអាទិត្យស្អែកនេះ គឺចាប់ពីថ្ងៃទី២៤ ដល់ ២៧ វិច្ឆិកា ខ្ញុំនឹងដឹកនាំគណៈប្រតិភូចេញទៅប្រជុំកំពូលអាស៊ាន កូរ៉េ និងមេគង្គកូរ៉េជាបន្ត។ ខ្ញុំសង្ឃឹមថានឹងបានជួបបងប្អូនប្រជាពលរដ្ធ និងកូនក្មួយសិស្ស និស្សិត ព្រមទាំងកូនក្មួយពលករ ពលការនីដែលកំពុងធ្វើការនៅទីនោះផងដែរ។ តាមរយៈវត្តមានខ្ញុំនៅកូរ៉េ នឹងជួយឲ្យលក្ខខណ្ឌការងារ កូនក្មួយកាន់តែល្អប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសប្បាយរីករាយជួបជុំក្រុមគ្រួសារ ក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា»