(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំពាវនាវ៩ចំណុចសំខាន់ៗ ដល់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ ក្នុងគោលបំណងរួមគ្នាការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើង ចំពោះជនមានពិការភាព ធានាដល់សិទ្ធិសេរីភាពគ្នានៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាព និងមិនមានពិការភាព។

តាមរយៈសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានចំណុចសំខាន់ៗទាំង៩ ដែលសម្ដេចតេជោ ហ៊ុន សែន អំពាវនាវនោះរួមមានទាំងស្រុងដូចខាងក្រោម៖

ទី១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយរៀបចំផែនការសកម្មភាព និងកញ្ចប់ថវិកាប្រចាំឆ្នាំ តាមវិស័យរបស់ក្រសួង ស្ថាប័ន អង្គភាពនីមួយៗ

ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងពង្រីកវិធានការទប់ស្កាត់ពិការភាព ឲ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត។ ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពងាយរងគ្រោះក្នុងសង្គម ទប់ស្កាត់អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពង្រឹងប្រព័ន្ធសុខាភិបាល ការដោះមីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម និងពង្រឹងនូវសេវាស្ដារ លទ្ធភាពពលកម្ម ការអប់រំ ផ្សព្វផ្សាយការបង្ការពិការភាពឲ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។

ទី៣៖ ត្រូវពង្រឹងពង្រីកស្មារតីម្ចាស់ការ របស់ជនមានពិការភាពផ្ទាល់ ជាកត្តាគន្លឹះ នៃការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងន័យនេះ ខ្ញុំសូមស្នើដល់បងប្អូន មានពិការភាពទាំងអស់ សូមបន្តពង្រឹងសេចក្តីក្លាហាន មានសេចក្តីសង្ឃឹម និងជំនឿជឿជាក់លើខ្លួនឯង ប្រើប្រាស់សម្បទា ដែលនៅមានពុះពារជំនះ រាល់ការលំបាក ដើម្បីកសាងជីវភាពរស់នៅដោយឯករាជ្យ ម្ចាស់ការ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ទី៤៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្ត ជនមានពិការភាពដែលមានលក្ខណសម្បត្តិ និងសមត្ថភាពបំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឲ្យមានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើង រាប់ទាំង ការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ទី៥៖ ត្រូវលើកទឹកចិត្តឲ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តដោយស្ម័គ្រចិត្ត ភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាព ឲ្យចូលបម្រើការងារ ដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

ទី៦៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ដើម្បីជាប្រយោជន៍ដល់សុខុមាលភាព ដល់បងប្អូនពិការភាព និងត្រូវដឹកនាំ ចាត់ចែង អនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងលិខិតបទដ្ឋានអន្តរជាតិ ពាក់ព័ន្ធពិការភាពជាមួយរក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍសង្គមស៊ីវិលឲ្យមានស័ក្តិសិទ្ធិភាព ហើយត្រូវធ្វើរបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។

ទី៧៖ ត្រូវបន្តជំរុញ និងយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ និងលើកតម្កើងជីវភាពរស់នៅរបស់បងប្អូនជនមានពិការភាព ឲ្យបានសមរម្យស្រប តាមសេដ្ឋកិច្ចជាតិ និងត្រូវមានវិធានការចាំបាច់នានា ដើម្បីបំផុសលើកទឹកចិត្តពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនានា ឲ្យចូលរួមឧបត្ថម្ភជនមានពិការភាព ព្រមទាំងត្រូវលើកទឹកចិត្តដល់ ជនដែលមានពិការភាព ដែលប្រកបមុខរបរ អាជីវកម្ម សិប្បកម្មជាលក្ខណៈឯកត្តជន
ឬគ្រសារ ឬសមូហភាពរបស់ជនមានពិការភាព តាមរយៈការកាត់បន្ថយពន្ធ ការផ្តល់អាទិភាពផ្សេងៗ ស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិ ជនមានពិការភាព។

ទី៨៖ ត្រូវបន្តរៀបចំការបង្កលក្ខណៈងាយស្រួល ចេញចូលទីកន្លែងសាធារណៈ សម្រាប់ជនមានពិការភាព គ្រប់ប្រភេទដូចជា៖ ការរៀបចំចំណត យានយន្តពិសេស សម្រាប់ជនមានពិការភាព ការធ្វើជម្រាល ការបំពាក់ ឧបករណ៍ថ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវ ថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។ល។

ទី៩៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន សូមបន្ដជួយផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវការយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាពជនមានពិការភាពនៅកម្ពុជា ជាពិសេសត្រូវមានការបកប្រែជាភាសាសញ្ញា និងអក្សររត់នៅតាមបណ្ដាស្ថានីយទូរទស្សន៍ ដើម្បីសម្រួលដល់ជនមានពិការភាព ក្នុងការទទួលបានព័ត៌មានផ្សេងៗ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ទាប់ ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាព និងក្រុមគ្រួសារឲ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើងទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព រួមទាំងជំរុញឲ្យជនមានពិការភាពចូលរួមគ្រប់សកម្មភាពក្នុងសង្គម៕