(ភ្នំពេញ)៖ យុទ្ធនាការដ៏ពិសេស ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឆ្ពោះទៅរកការកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា ដែលមានឈ្មោះថា «ដើរដោយសុវត្ថិភាព» នឹងចាប់ផ្ដើមប្រព្រឹត្តិជាផ្លូវការ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកាស្អែកនេះហើយ។

តើបងប្អូនទាំងអស់គ្នាបានត្រៀមខ្លួនហើយឬនៅ ក្នុងការចូលរួមយុទ្ធនាការដ៏ធំមួយនេះ? ការចូលរួមពីសំណាក់បងប្អូនគ្រប់មជ្ឈដ្ឋាន គឺពិតជាមានសារសំខាន់បំផុត ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែជួយឱ្យយុទ្ធនាការមួយនេះ ប្រព្រឹត្តិទៅយ៉ាងអធឹកអធមប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់បងប្អូនទាំងអស់គ្នា គឺជាចំណែកមួយដ៏សំខាន់ ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅកាន់ប្រជាពលរដ្ឋផ្សេងទៀត ឱ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ហើយរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

យុទ្ធនាការ «ដើរដោយសុវត្ថិភាព» នឹងចាប់ផ្ដើមនៅម៉ោង៧ព្រឹក ដោយមានការចូលរួមពីមហាជន មកពីគ្រប់មជ្ឈដ្ឋានជួបជុំគ្នា នៅបរិវេណសួនច្បារមុខវត្តបុទមវតី។

បន្ទាប់មកត្រូវចេញដំណើរឆ្ពោះ ទៅចូលរួមកម្មវិធីទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណ៣០០០នាក់។

សូមជំរាបជូនថា យុទ្ធនាការ «ដើរដោយសុវត្ថិភាព» រៀបចំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រុមហ៊ុន អឹម អេស អេ MSA (Marketing Solutions Asia) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើនស្មារតីចូលរួមឱ្យបានផុសផុល ពីគ្រប់ភាគីពាក់ព័ន្ធ និងពីសាធារណជន ពិសេសយុវជន សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងធ្វើឲ្យប្រសើរឡើងនាពេលខាងមុខ៕