(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បានចូលរួមជាអធិបតីក្នុងពិធីបិទ «ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩» ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងឃ្យុងយូ ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ។ ពិព័រណ៍វប្បធម៌នេះប្រព្រឹត្តទៅរយៈពេល៤៥ថ្ងៃ ក្រោមប្រធានបទ «វប្បធម៌ជាកូនសោអនាគតរបស់យើង»។

ការអញ្ជើញចូលរួមរបស់គណៈប្រតិភូក្រុមប្រឹក្សាវប្បធម៌អាស៊ីនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក លី ឆុលអ៊ូ អភិបាលខេត្តឃ្យុងសាងបុកដូ និងជាប្រធានមូលនិធិពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ។

នៅក្នុងព្រឹតិ្តការណ៍នេះ លោកស្រី ឃួន សុដារី នឹងអញ្ជើញទស្សនាពិព័រណ៍ និងទីតាំងប្រវត្តិសាស្រ្តមួយចំនួននៅក្នុងទីក្រុងឃ្យុងយូ ព្រមទាំងចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធី ក៏ដូចជាផ្តល់នូវបទអត្ថាធិប្បាយផ្សេងៗ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងកម្ពុជានិងកូរ៉េ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌រូបិយនិងអរូបិយ។ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏គ្រោងនឹងជួបប្រជុំទ្វេភាគីជាមួយប្រតិភូមកពីប្រទេសជាច្រើនទៀតដែលចូលរួមក្នុងពិព័រណ៍នេះ ដើម្បីពិភាក្សាផ្លាស់ប្តូរគំនិតអំពីការការពារ និងការលើកកម្ពស់ទេសចរណ៍វប្បធម៌។

ក្នុងឱកាសនៃការចូលរួមក្នុងពិធីបិទ «ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩» គណៈប្រតិភូដឹកនាំដោយលោកស្រី ឃួន សុដារី នឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមប្រឹក្សាវប្បធម៌អាស៊ី និងភាគីកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ ដើម្បីកសាងបណ្តាញទំនាក់ទំនងលើឆាកអន្តរជាតិរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងបន្តនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ជាពិសេស កិច្ចសហប្រតិបត្តិការនាពេលអនាគតសម្រាប់ការស្តារនិងការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ នៅទីក្រុងសៀមរាប។

ពិព័រណ៍វប្បធម៌ពិភពលោកទីក្រុងឃ្យុងយូ-ឆ្នាំ២០១៩ គឺជាកម្មវិធីសំខាន់មួយនៅតំបន់អាស៊ី ដែលបានបង្ហាញអំពីសារៈសំខាន់នៃវប្បធម៌អាស៊ីនិងតួនាទីរបស់វប្បធម៌ នៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងរវាងរដ្ឋនិងរដ្ឋ។ ពិព័រណ៍នេះក៏បង្ហាញផងដែរអំពីការយកចិត្តទុកដាក់ចំពោះសារៈសំខាន់នៃវប្បធម៌ ប្រវត្តិសាស្រ្ដ និងមនុស្សជាតិ ដែលជាកត្តាសំខាន់នៃខឿនសន្ដិភាព ការយោគយល់គ្នាទៅវិញទៅមក និងការតភ្ជាប់អរិយធម៌។

ក្នុងអំឡុងពេលនៃពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ-ឆ្នាំ២០១៩ រយៈពេល៤៥ថ្ងៃនេះ មានការសម្តែងសិល្បៈ និងការតាំងបង្ហាញពិព័រណ៍ចម្រុះ ដែលមានការចូលរួមពី ២៧ប្រទេស និងមានភ្ញៀវទេសចរចូលរួមសរុបប្រមាណមួយលាននាក់។ សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជូនគណៈប្រតិភូសិល្បៈ ដឹកនាំដោយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទៅចូលរួមក្នុងពិធីបើកនិងការសម្តែងសិល្បៈក្នុងព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ផងដែរ។

ទីក្រុងឃ្យុងយូ គឺជាសារមន្ទីរប្រវត្តិសាស្រ្ត«ឥតជញ្ជាំង»មួយ ពោរពេញទៅដោយសម្បត្តិវប្បធម៌រាប់ពាន់ឆ្នាំរបស់សាធារណរដ្ឋកូរ៉េ ដែលត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០០។ ទីក្រុងនេះគឺជាអតីតរាជធានីនៃអាណាចក្រស៊ីឡា ដែលបានកកើតមុនសម័យអង្គរបន្តិច ក្នុងអំឡុងសតវត្សរ៍ទី១ ដល់សតវត្សរ៍ទី១០។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៦ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានសហការរៀបចំពិព័រណ៍វប្បធម៌ពិភពលោកអង្គរ-ឃ្យុងយូនៅខេត្តសៀមរាប ដោយទទួលបានការចូលរួមពីប្រទេសជាង៣០ និងភ្ញៀវទេសចរជាងមួយលាននាក់។ នៅក្នុងវិស័យអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ សាធារណរដ្ឋកូរ៉េបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទបុរាណ ជាពិសេសការបញ្ចប់គម្រោងដោយជោគជ័យក្នុងការអភិរក្សនិងជួសជុលប្រាសាទព្រះពិធូរ និងលានជល់ដំរីនៅក្នុងបរិវេណប្រាសាទអង្គរធំ៕