(កំពង់ធំ)៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចេញសេចក្ដីថ្លែងការណ៍ បំភ្លឺជុំវិញករណីផ្ទេរសំណុំរឿង បង្ក្រាបគ្រឿងញៀនបានជិត ១០០គីឡូក្រាម ពីសាលាដំបូងខេត្តកំពង់ធំ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ដែលការផ្ទេរនេះ ធ្វើឡើងតាំងពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

សេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ បានអះអាងថា ស្ថាប័នតុលាការខេត្តកំពង់ធំ ពុំមានសមត្ថកិច្ចចាត់ការលើសំណុំរឿងនេះទៀតឡើយ ហើយរហូតមកដល់ពេលនេះ ជនត្រូវចោទ ៤នាក់ គឺកំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស និង២នាក់ទៀត កំពុងជាប់ឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ធំ ពុំមានជនត្រូវចោទណាម្នាក់ត្រូវបានដោះលែងឡើយ។

ជាមួយគ្នានេះ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក៏បានអំពាវនាវឲ្យស្ថាប័នព័ត៌មានទាំងឡាយណា ចុះផ្សាយខ្លឹមសារផ្ទុយពីសេចក្ដីថ្លែងការណ៍នេះ ធ្វើការកែតម្រូវជៀសវាងមានការភ័ន្ដច្រឡំដល់សាធារណជន ចំពោះចំណាត់ការរបស់អយ្យការ និងសាលាដំបូងខេត្តកំពង់ធំ។

គួរជម្រាបថា ករណីគ្រឿងញៀននេះ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី២១-២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ នៅភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រឹបអូសបានគ្រឿងញៀន១០០ដុំ ស្មើនឹង៩៩គីឡូក្រាម ចាប់ខ្លួនជនសង្ស័យ៦នាក់៕