(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នឹងដឹកនាំ គណៈប្រតិភូចូលរួមសន្និសីទ ពិនិត្យលើកឡើងវិញ លើកទី៤ នៃរដ្ឋភាគី អនុញ្ញាស្ដីពីការហាមការប្រើប្រាស់ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុញ្ញាអូតាវ៉ា) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងអូស្លូ ប្រទេសន័រវេស្ស។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងសន្និសីទនោះ ប្រតិភូកម្ពុជានឹង ការពារឯកសារសំណើសុំពន្យាពេលការបោសសម្អាតមីន លើកទី២ (២០២០-២០២៥), ដឹកនាំរៀបចំវេទិកាអមក្រោមប្រធានបទ «ទិដ្ឋភាពទូទៅ និងតម្រូវការធនធាន ឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីននៅឆ្នាំ ២០២៥»

បន្ថែមពីនេះ កម្ពុជានឹងរាយការណ៍នូវវឌ្ឍនភាព នៃការជួយជនរងគ្រោះថ្នាក់ដោយសារមីន, រាយការណ៍នូវវឌ្ឍនភាព នៃការអនុវត្តមាត្រា៥ នៃអនុសញ្ញា, រាយការណ៍នូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងការផ្ដល់ជំនួយ, ចូលរួមជាវាគ្មិនក្នុងវេទិកាសំខាន់ៗ និងជួបប្រជុំទ្វេភាគីជាមួយប្រទេសម្ចាស់ជំនួយមួយចំនួន៕