(ភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអនុប្រធានទី៣ ថេរសភា ព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កា ព្រះកុសុមារាម និងព្រះសង្ឃ សីលវន្ត សីលវត្តី ពុទ្ធិយុវជន និងកុមារ នៃវត្តលង្កាកុសុមារាម បានមានសង្ឃដីការ និងបង្ហាញក្តីសោយស្តាយព្រមៗគ្នាថា ការសុគតរបស់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៏មួយព្រះអង្គ ដែលទ្រង់តែងតែឧបត្ថម្ភ និងលើកកម្ពស់ ដល់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ជាក់ស្តែង ដើម្បីជាការបង្ហាញនូវទឹកគោរពស្រឡាញ់ របស់សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រមទាំងព្រះសង្ឃ សីលវន្ត សីលវត្តី ពុទ្ធិយុវជន និងកុមារ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសកម្ពជានោះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ សម្តេចបានដឹកនាំព្រះសង្ឃ សីលវន្ត សីលវត្តី ពុទ្ធិយុវជន ជាង៣០០អង្គ/នាក់ បានរៀបចំពិធីសូត្រមន្តបង្សុកូលប្រគេន ជូនដល់ព្រះសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅព្រះវិហារ នៃវត្តលង្កាកុសុមារាម ផងដែរ។

សម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល បានមានសង្ឃដីការថា សម្តេចរាជបុត្រីព្រះរៀម ជាឥស្សរជនខ្មែរដ៏ឆ្នើមមួយព្រះអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល ពេញមួយព្រះជន្មរបស់សម្តេច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ តាមរយៈស្នាព្រះហត្ថក្នុងការការពារ ថែរក្សា និងអភិវឌ្ឍសិល្បៈវប្បធម៌ ប្រពៃណីជាតិ ពិសេសកេរ្តិ៍ដំណែលវប្បធម៌ របាំអប្សរាខ្មែរ មានតម្លៃជាប្រវត្តិសាស្ត្រ ដែលត្រូវបានអង្គការយូណេស្កទទួលស្គាល់ និងដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លើសពីនេះ សម្តេចរាជបុត្រីព្រះរៀម បានបំពេញតួនាទីជាប្រវត្តិសាស្ត្រដោយបានចូលរួមចំណែក យ៉ាងសកម្មក្នុងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងដំណើរការធានាការពារការគោរពរដ្ឋធម្មនុញ្ញ និងលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។

ក្នុងឱកាសនៃពិធីសូត្រមន្តបង្សុកូលនេះដែរ សម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងព្រះវិញ្ញាណក្ខន្ធ របស់សម្តេចរាជ បុត្រីព្រះរៀម បានយាងក្នុងឋានបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ។

បើតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវរំកិលពីវត្ដបទុមវតីរាជវរារាម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្ពោះទៅកាន់ព្រះមេរុ នៅមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជាព្រះសព នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាដដែលនោះ។

សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គត់ នាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គ ត្រូវជាព្រះរៀម បង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕