(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានចុះបង្រ្កាបទូកដឹកឈើ ១គ្រឿង នៅក្នុងទន្លេចំណុចភូមិតាងួន ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៩។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងថា ប្រតិបត្តការបង្រ្កាបនេះដោយកម្លាំងអាវុធហត្ថខេត្ត បានសហការជាមួយអាវុធហត្ថស្រុកសំបូរ ចុះទៅប្រទះឃើញទូកដឹកឈើ១គ្រឿង ពេញប្រៀបហើយធ្វើការបង្រ្កាបតែម្ដង។

មន្រ្តីអាវុធហត្ថរូបនោះ បានបន្តទៀតថា នៅពេលកម្លាំងចុះទៅដល់កន្លែងបង្រ្កាបនោះ ក្រុមឈ្មួញបានរត់គេចខ្លួនបាត់អស់ មិនស្គាល់អត្តសញ្ញាណម្ចាស់ឈើទេ។
បច្ចុប្បន្នឈើ និងទូកមួយគ្រឿងនោះ ត្រូវបានកម្លាំងនាំយកទៅប្រគល់ជូនឲ្យរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការតាមនីតិវិធីរដ្ឋបាលព្រៃឈើ៕