(ភ្នំពេញ)៖ សពរបស់លោក សំរិទ្ធ ឯកសុវណ្ណ នាយករងទូរទស្សន៍ CNC និងជាអ្នកយកព័ត៌មានមួយរូបក្នុងវិស័យព័ត៌មានយូរឆ្នាំ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកដល់ស្រុកកំណើតរបស់លោកហើយ ស្ថិតនៅតំបន់អូរស្ងួត ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ នេះបើតាមការឲ្យដឹងពីលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

លោក សំរិទ្ធ ឯកសុវណ្ណ បានទទួលមរណភាពនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឯខេត្តឈុនបុរី ក្នុងមន្ទីរពេទ្យប្រទេសថៃ។ ជាមួយនឹងការសម្ដែងនូវការសោកស្ដាយជាពន់ពេក លោក ហ៊ុយ វណ្ណៈ ក្នុងនាមជាប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា បានសម្រេចបង្កើតគណៈកម្មការបុណ្យសពមួយ ដោយបានទៅទទួលសពចេញពីប្រទេសថៃ ដើម្បីរៀបចំបុណ្យសពជាមួយគ្រួសារតាមប្រពៃណី។

លោក សំរិទ្ធ ឯកសុវណ្ណ បានប្រឡូកក្នុងវិស័យព័ត៌មានជាច្រើនឆ្នាំមកហើយ ដោយមានជំនាញជាអ្នកថតវីដេអូ។ តាមរយៈអាជីពនេះ លោកបានរួមចំណែកជាច្រើនក្នុងការផ្តល់ ព័ត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំជាតិ និងការវិវឌ្ឍន៍របស់សង្គមជាតិ។ អាជីពនេះ ក៏បានផ្តល់ឱកាសឲ្យលោកធ្វើសកម្មភាពផ្សេងៗជាច្រើន រួមទាំងសកម្មភាពមនុស្សធម៌ផងដែរ។

ជាពិសេសនៅក្នុងពេលកម្ពុជា និងថៃ ប៉ះទង្គិចគ្នានាឆ្នាំ២០០៨ នៅតំបន់ប្រាសាទព្រះវិហារ លោក សំរិទ្ធ ឯកសុវណ្ណ គឺជាអ្នកព័ត៌មានមួយរូបដែលបានចុះទៅថតយករូបភាពជាប្រចាំនៅតំបន់នោះ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរ បានជ្រាបពីការវិវឌ្ឍន៍នៃស្ថានការណ៍នាពេលនោះ។

បច្ចុប្បន្នលោក ឯកសុវណ្ណ គឺជាបង្អែកដ៏ធំក្នុងគ្រួសារ ខណៈភរិយានៅផ្ទះមើលថែកូននៅតូចៗចំនួន៤នាក់នៅឡើយ។ ការទទួលមរណភាពរបស់លោក ឯកសុវណ្ណ ជាការគំរាមកំហែងមួយដល់ជីវភាព ហើយធ្វើឲ្យលោកប្រឈមការលំបាកទាំងការស្វែង សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារបន្តទៀត៕