(ភ្នំពេញ)៖ ព្រះសពរបស់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវដង្ហែពីវត្ដបទុមវតីរាជវរារាម ឆ្ពោះទៅកាន់ព្រះមេរុ នៅឯមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវេលាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សូមជម្រាបថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

សពសម្តេចព្រះរៀម បុប្ផាទេវី ត្រូវបានដឹកតាមយន្តហោះពីប្រទេសថៃ មកដល់រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧៖៣០នាទីយប់ ដោយត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតី នៅព្រលានយន្តហោះ និងបានបញ្ជូនដោយស្ងៀមស្ងាត់ តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង (Mercedes) មកតម្កល់រៀបចំធ្វើបុណ្យ នៅវត្ដបទុមវតីរាជវរារាម រហូតដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ទើបរៀបចំពិធីដង្ហែទៅកាន់ ព្រះមេរុ នៅឯមុខវត្ដបទុមវតីរាជវរារាម ដើម្បីរៀបចំពិធីបូជា៕

ក្រុមសិល្បនាដការី នៃរបាំព្រះរាជទ្រព្យរាំថ្វាយដួងវិញ្ញាណក្ខ័ន្ធ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ជាការយាងដំណើរចុងក្រោយ