(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរនិងជប៉ុនប្រមាណជាង ១៣០០នាក់ដែលមកពីស្ថាប័នរដ្ឋ និងឯកជនបានចូលរួមកម្មវិធី «ភ្នំពេញ ទីក្រុងស្អាតរៀបចំឡើងដោយជនជាតិជប៉ុនលើកទី២» សហការរៀបចំដោយក្រសួងបរិស្ថាន រដ្ឋបាលសាលារាជធានី ភ្នំពេញ និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធធ្វើឡើងសួនច្បារមាត់ទន្លេ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។

កម្មវិធីភ្នំពេញ ទីក្រុងស្អាតនេះ មានការចូលរួមអធិបតីពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបរិស្ថានសូមគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធី «ភ្នំពេញ ទីក្រុងស្អាត» ដែលបង្កើតជាឱកាសជួបជុំមួយក្នុងចំណោមអ្នកស្រឡាញ់បរិស្ថានដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាន សម្អាតទីក្រុង។ លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «នេះគឺជាសកម្មភាពដ៏មានតម្លៃក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន បណ្តុះស្មារតីស្រឡាញ់បរិស្ថាននៅក្នុងចំណោមប្រជាពលរដ្ឋ និងចូលរួមសម្អាតអនាម័យ បរិស្ថានទីក្រុងរបស់យើង ក៏ដូចជាជំរុញចលនាសម្អាតទីក្រុងធ្វើយ៉ាងណាឱ្យទីក្រុងយើងកាន់តែមានសោភ័ណភាព បរិស្ថានស្អាត និងប្រកបដោយផាសុក
ភាពសម្រាប់ការរស់នៅ និងទាក់ទាញភ្ញៀវទេសចរ»។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋគិតគូរពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកដោយជៀសវាង ឬបញ្ឈប់ការ ប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើតែម្តងបោះចោលដូចជាបំពង់បឺតទឹកជ័រ ចានស្លាបព្រាជ័យ ស្នោរ និង កែវជ័យជាដើមដោយងាកមកប្រើប្រាស់ ផលិតផលដែលមានមេត្រីភាពបរិស្ថាន។

នៅក្នុងកម្មវិធីភ្នំពេញ ទីក្រុងស្អាតរៀបចំដោយជនជាតិជប៉ុនលើកទី២ នេះ អ្នកចូលរួមប្រកបដោយតំបៀត និងថង់បានដើររើសសំណល់សំរាម ដែលត្រូវបានបោះចោលរាយប៉ាយតាមសួនច្បារ ដែលជនមួយចំនួនតូចបានបោះចោលឥតសណ្តាប់ធ្នាប់ និងបានដើរសម្អាតតាមឆ្នេរទន្លេផងដែរ។ ទាំងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ សុទ្ធតែវាយតម្លៃខ្ពស់ពីកិច្ចសាមគ្គីភាព រវាងបងប្អូនជនជាតិខ្មែរ និងជនជាតិជប៉ុនក្នុងការសហការសម្អាតអនាម័យបរិស្ថាន។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា៖ «បញ្ហាសំរាមទីក្រុងមិនមែនមានតែនៅកម្ពុជាប៉ុណ្ណោះទេ នៅប្រទេសជប៉ុនក៏ជាបញ្ហាប្រឈមមួយផងដែរ។ ចាប់ពីឆ្នាំក្រោយទៅ ទាំងកម្ពុជា ទាំងជប៉ុន ប្រទេសទាំងពីរនឹងរៀបចំនូវព្រឹត្តិការណ៍កីឡា និងកិច្ច ប្រជុំខ្នាតអន្តរជាតិជាបន្តបន្ទាប់ដែលមានភ្ញៀវទេស ចរច្រើននឹងធ្វើដំណើរមកកាន់កម្ពុជានិងជប៉ុន។ ទីក្រុងស្អាតគឺជាគារវកិច្ចចម្បងក្នុងការទទួលភ្ញៀវក្នុងនាមជាម្ចាស់ផ្ទះ ហើយក៏ជាអ្វីដែលឆ្លុះបញ្ចាំងពីប្រទេស និងទីក្រុងទាំងមូល។ ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះតទៅ ទាំងជនជាតិជប៉ុន និងជនជាតិកម្ពុជា យើងទាំងអស់គ្នា នឹងចូលរួមគិតគូរ សហការ ដើម្បីថែរក្សាបរិស្ថាន និងសោភ័ណភាពទីក្រុង ហើយបង្កើតទីក្រុងដែលងាយស្រួលរស់នៅ»

នៅចំពោះមុខអ្នកចូលរួមទាំងអស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្មវិធីភ្នំពេញ ទីក្រុងស្អាត ដែលប្រារព្ធធ្វើនៅថ្ងៃនេះនឹងក្លាយជានិមិត្តរូបសាមគ្គីភាពជាអមតៈរវាងកម្ពុជា និងជប៉ុនទាំងផ្នែកទំនាក់ទំនងការទូត និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ហើយរួមគ្នាគិតគូរនិង ស្រឡាញ់បរិស្ថាន។

លោក នេត្រ ភក្ត្រា បានបន្ថែមថាសកម្មភាពនៃការសម្អាតអនាម័យបរិស្ថានៅពេល នេះជាសារផ្សព្វផ្សាយដ៏សំខាន់ក្នុងការលើកកម្ពស់តម្លៃបរិស្ថាន ជំរុញឱ្យមានការចូលរួមសម្អាតបរិស្ថាន ធ្វើឱ្យទីក្រុងស្អាត គ្មានការបោះចោលសំរាមពាសវាលពាសកាល។ មិនតែប៉ុណ្ណោះសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅថ្ងៃនេះនឹងក្លាយជាជួងដាស់អារម្មណ៍ដល់ជនមួយចំនួនតូច ដែលបានបោះចោលសំរាមក្រៅធុង ឱ្យភ្ញាក់រឭក និងចូលរួមសម្អាតបរិស្ថានទីក្រុងជាមួយយើងទាំងអស់គ្នា។ ទីក្រុងយើងស្អាតគឺជាមោទនភាព របស់ជាតិយើង និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ សោភ័ណភាពទីក្រុង ដែលជាផ្ទះរបស់យើងទាំងអស់គ្នា។

ក្រៅពីសម្អាតអនាម័យបរិស្ថាន កម្មវិធីភ្នំពេញ ទីក្រុងស្អាតរៀបចំដោយជនជាតិជប៉ុនលើកទី២ ក៏ មានការយតាំងពិព័រណ៌ពីសំណាក់ក្រុមហ៊ុនដែលវិនិយោគិនជប៉ុននានា ដែលសុទ្ធសឹងជាផលិតផល ដែលជួយលើកស្ទួយបរិស្ថានដើម្បីបង្ហាញដល់អ្នកចូលរួមដូចជាថង់បរិស្ថាន ដបទឹកបរិស្ថាន ផលិតផលដែលផលិតពីវត្ថុធាតុដើមធម្មជាតិ និងក៏មានការផ្តល់ព័ត៌មាន និងបញ្ជ្រាបចំណេះដឹងដល់អ្នកចូលរួមផងដែរ៕