(បាត់ដំបង)៖ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាព ផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងសិក្ខាសាលា ចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យបរំ បានជំរុញឲ្យចលនា ការប្រកួតប្រជែងសាលារៀនគំរូគ្រប់កម្រិតទូទាំងប្រទេសទាំងអស់ នាំគ្នាប្រឡងប្រណាំងឲ្យកាន់តែមានភាពផុលផុសបន្ថែមទៀត ដើម្បីឲ្យវិស័យអប់រំនៅកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ល្អប្រសើរ និងទៅថ្ងៃមុខកម្ពុជា មានធនធានមនុស្សពោរពេញ ដោយសមត្ថភាពច្បាស់លាស់ ក្នុងចូលរួមអភិវឌ្ឍន៍សង្គមជាតិ កាន់តែរីកចម្រើន។

អង្គសិក្ខាសាលានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពីលោក ហឿង សុគន្ធ អភិបាលរងខេត្ត និងមានថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈ
គ្រប់រាជធានី-ខេត្ត នាយកវិទ្យាល័យគ្រប់រាជធានី-ខេត្ត មន្រ្តីមន្ទីរអប់រំគ្រប់រាជធានី-ខេត្ត អភិបាលរង គ្រប់រាជធានី-ខេត្ត អញ្ជើញចូលរួមជិត៦០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ហឿង សុគុណ បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងមន្ទីរអប់រំខេត្ត នឹងបន្តអភិវឌ្ឍន៍វិស័យអប់រំឲ្យកាន់តែប្រសើរឡើង តាមរយៈយុទ្ធនាការផ្សព្វផ្សាយលើការជំរុញពលរដ្ឋ បញ្ជូនកូនគ្រប់អាយុចូលសាលាឲ្យបានគ្រប់ៗគ្នា រួមទាំងការងារផ្សេងៗ ពាក់ព័ន្ធនឹងវិស័យអប់រំនេះផង។

ក្នុងសិក្ខាសាលានេះបានចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ នៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានអះអាងថា ដើម្បីទ្រទ្រង់ដល់ការរីកចម្រើនលើវិស័យអប់រំ ក៏ដូចជារដ្ឋបាលសាធារណៈទាំងមូលរាជរដ្ឋាភិបាល បានអនុវត្តន៍នូវគោលនយោបាយសំខាន់ៗ មួយចំនួន គឺសម្ដៅលើកទឹកចិត្តដល់មន្ត្រីរាជការ និងពង្រឹងផលិតភាពវិស័យសាធារណៈ ពិសេសការដំឡើងបៀវត្ស ជូនមន្រ្តីរាជការជារៀងរាល់ឆ្នាំ។

លោកបានបន្តថា ក្នុងន័យនេះ គឺធ្វើឲ្យវិស័យអប់រំមានការរីកចម្រើនថែមទៀត ជាការកំណែរទម្រង់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតប្រជែងសាលារៀនគំរូប្រចាំឆ្នាំ ហើយជំរុញឲ្យសាលាដែលជាប់ជ័យលាភី បានចែករំលែកបទពិសោធន៍ ដល់សាលារៀនផ្សេងៗ ដើម្បីឲ្យគុណភាពអប់រំកាន់តែល្អប្រសើរឡើង ព្រមទាំងជំរុញឲ្យចលនាប្រកួតប្រជែងនេះ កាន់តែផុលផុសជាងមុន និងបន្តធ្វើជាប្តបន្ទាប់ថែមទៀត។

ជាមួយគ្នានេះ លោក ប៉ិច ឈឺត នាយកវិទ្យាល័យពេជ្រចិន្តា ស្ថិតក្នុងស្រុកភ្នំព្រឹក ដែលជាសាលាជាប់លេខ១ ទូទាំងប្រទេស ក្នុងការប្រកួតប្រជែងសាលាគំរូ ឆ្នាំ២០១៩ បានលើកឡើងថា ការធ្វើឲ្យសាលាឈានរហូតជាប់លេខ១ទូទាំងប្រទេស បានដោយសារមានថ្នាក់ដឹកនាំសាលាល្អ មានសាមគ្គី ភាពផ្ទៃក្នុង គោរពវិន័យរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សអនុវត្តន៍នូវគោលការណ៍វិន័យរបស់សាលា ហើយនឹងមានការចូលរួមពីសំណាក់ សហគមន៍សាលាផងដែរ។

នាយកសាលារូបនេះ បានប្ដេជ្ញាចិត្ត ក្នុងការចូលរួមពង្រឹងវិស័យអប់រំនៅកម្ពុជា ដោយបន្តខិតខំអនុវត្តន៍នូវគោលការណ៍របស់សាលាថែមទៀត ក៏ដូចជាការពារឲ្យបាននូវពាន់រង្វាន់ជ័យលាភីលេខ១នេះ។

ក្នុងឱកាសនោះ គណៈអធិបតី និងសិក្ខាកាមទាំងអស់អញ្ជើញដើរទស្សនាស្តង់ដាក់តាំងតាមចំណាត់ថ្នាក់មាន១០ស្តង់ ក្នុងនោះ ជ័យលាភីជាប់លេខ១ គឺវិទ្យាពេជ្រចិន្តាស្រុកភ្នំព្រឹក, លេខ២ វិទ្យាល័យ ហ៊ុន សែន ឧត្តមានជ័យ ក្នុងខេត្តឧត្តមានជ័យ, លេខ៣ វិទ្យាល័យប្រសូតិ ក្នុងខេត្តស្វាយរៀង, លេខ៤ សាលាចំណេះទូទៅ និងបក្ខទេសពួក ខេត្តសៀមរាប, លេខ៥ វិទ្យាល័យ អង្គជ័យ ជា ស៊ីម ខេត្តកំពត, លេខ៦ វិទ្យាល័យកោះស្តេច ខេត្តកោះកុង, លេខ៧ វិទ្យាល័យប្រាសាទបាគង ខេត្តសៀមរាប, លេខ៨ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្ត ខេត្តកំពង់ធំ, លេខ៩ វិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ រាជធានីភ្នំពេញ និងលេខ១០ វិទ្យាល័យអង្គរកា ខេត្តតាកែវ៕