(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះពិនិត្យដោយផ្ទាល់ និងសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ដែលកំពុងរកទទួលទានក្នុងផ្សារចំនួន២ រួមមានផ្សារត្រពាំងជង ក្នុងឃុំត្រពាំងជង និងផ្សារបឹងខ្នារ ក្នុងឃុំបឹងខ្នារ ស្រុកបាកាន។

លោក ម៉ៅ ធនិន បានឲ្យដឹងថា នេះគឺជាទម្លាប់ដែលកន្លងមក លោកតែងតែចុះជាប់ជាប្រចាំ នៅគ្រប់ផ្សារទាំង១១ ទូទាំងខេត្តពោធិ៍សាត់ ដើម្បីក្តាប់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់។ លោកក៏បានត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការថែទាំង អនាម័យ-បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសការសម្រួល និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ សម្តៅរួមចំណែកអនុវត្តគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ម៉ៅ ធនិន បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តការពារសន្តិសុខ សុវត្ថិភាព ជូនអាជីវករនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត ហើយរឹតតែពិសេសទៅទៀតនោះ អ្នកទទួលម៉ៅការភាស៊ីគ្រប់ផ្សារទាំងអស់ ត្រូវតម្លើងកាមេរ៉ាសុវត្ថិភាព នៅតាមច្រកចេញចូលនៃផ្សារនីមួយៗ ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម ដោយមិនត្រូវទុកឲ្យពួកគាត់រស់នៅក្នុងភាពរងារ និងភ័យខ្លាចនោះឡើយ។ លោកអភិបាលខេត្ត បានប្រាប់ឲ្យអាជីវករទូរស័ព្ទ ទៅលោកជាបន្ទាន់ ក្នុងករណីដែលមានភាពមិនប្រក្រតីណាមួយកើតមានឡើងនៅក្នុងផ្សារ។

លោកអភិបាលខេត្ត ក៏បានផ្តល់ជូនថវិកាបន្តិចបន្តួចដល់លោកតា លោកយាយ និងបានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ី លើសការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់ពីឆ្នាំ៦០ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រីស្រែ លាស ខ្ចៅខ្យងបន្តិចបន្តួចនោះឡើយ។

ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន បានបន្តចុះពិនិត្យការដ្ឋានសាងសង់អគាសិក្សាមួយខ្នង មាន៥បន្ទប់ រួមទាំងរបង និងក្លោងទ្វា ក្នុងសាលាមត្តេយ្យសិក្សាតាលោ និងអនុវិទ្យាល័យតាលោ ស្រុកតាលោសែនជ័យ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ម៉ៅ ធនិន និងលោកស្រី ហ៊ុន ចាន់ធី។ ឆ្លៀតឱកាសនោះ លោកបានជួបសំណេះសំណាល និងបានណែនាំឲ្យក្មួយៗសិស្សានុសិស្សា ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ បន្តខិតខំសិក្សារៀនសូត្រ ដើម្បីឈោងចាប់នូវអនាគតដ៏ល្អ សម្រាប់ខ្លួនឯង គ្រួសារ និងជាអ្នកបន្តវេនដ៏រឹងមាំ សម្រាប់សង្គមជាតិ៕