(រតនគិរី)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ទៅយុវជន និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខេត្ត ភូមិភាគឦសាន ឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុវត្តនូវការគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន តាមរដ្ឋច្បាប់បានកំណត់ និងច្បាប់អន្តរជាតិ។

ការលើកឡើងបែបនេះ របស់ លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព បើកបាឋកថាស្តីពី «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស» ដែលរៀបចំសហការដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តរតនគិរី។

លោក កែវ រ៉េមី បានបន្ថែមទៀតថា ទោះបីប្រទេសកម្ពុជា ជាប្រទេសតូចក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងឱ្យប្រទេសកម្ពុជា ជាប្រទេសមួយដែលមានការគោរពសិទ្ធិមនុស្ស ដ៏គំរូមួយនៅក្នុងតំបន់ និងសកលលោកផងដែរ។

ស្តែងឡើងតាមរយៈការគោរពសិទ្ធិមនុស្សរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ លោកបានលើកឡើងថា គោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយដល់ប្រជាជន និងថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល ហើយបានផ្តល់សិទ្ធិក្នុងការជ្រើសរើស សាសនា ណាមួយដែលខ្លួនគោរពស្រឡាញ់ ដោយមិនមានការរារាំងនោះឡើយ ដូច្នេះហើយទាំងនេះ គឺការគោរពសិទ្ធិមនុស្សមួយដ៏ល្អរបស់កម្ពុជា ក្នុងនាមជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រសូត្រឡើងពីការបោះឆ្នោត គាំទ្រដោយប្រជាពលរដ្ឋស្ទើរពេញប្រទេស។

មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «កុំជ្រួលច្របល់នឹងពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស កុំស្រេកឃ្លានមិនចេះឆ្អែត មិនចេះឆ្អន់ ការស្រេកឃ្លានក្នុងទាមទាររបស់យើងមានដែនកំណត់មួយ ត្រូវចេះប្រៀបធៀប ចេះយល់ដឹងពីស្ថានភាពនៃការគ្រប់គ្រងរបស់ប្រទេស ចេះយល់ដឹងថាប្រទេសខ្លួនមានការរីកចម្រើន វាមិនមែនជ្រួលច្របល់ដោយងងឹតងងុលលឺគេថា ទៅដុតបំផ្លាញ និងធ្វើបាតុកម្ម កុប្បកម្មនោះទេ»។

លោក កែវ រ៉េមី បានបន្ថែមទៀតថា ក៏បានថ្លែងអំណរគុណដល់យុវជន និងប្រជាជននៅក្នុងខេត្តរតនគិរីទាំងអស់ដែលមិនបានចូលរួមធ្វើសកម្មភាព តាមការអំពាវនាវរបស់ក្រុមប្រឆាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញប្រទេស។ ត្រង់ចំណុចនេះ មកពីប្រជាពលរដ្ឋខ្មែរមានការយល់ដឹងកាន់តែច្បាស់ពីតម្លៃ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យដូចបច្ចុប្បន្ននេះ។

មេសិទ្ធិមនុស្សរូបនេះ បានបន្ថែមទៀតថា ដោយសារតែមានការស្រេកឃ្លានពាក្យលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស មិនចេះចប់មិនចេះហើយពីសំណាក់ក្រុមប្រឆាំង បានធ្វើឱ្យបានប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈឹមបូព៌ា និងប្រទេសមួយចំនួននៅអាស៊ី បានជួបនូវបញ្ហាច្របូកច្របល់ អសន្តិសុខ និងបង្ករភាពអាណាធិបតេយ្យ ដុតបំផ្លាញអ្វីៗគ្រប់យ៉ាងដែលពួកគេយល់ថា ប្រឆាំងនឹងក្រុមខ្លួនចង់បាន ជាដើម។

លោក កែវ រ៉េមី បានលើកឡើងដូច្នេះថា ប្រសិនបើយុវជនទាំងអស់មិនចង់ប្រើពាក្យថាស្តាយក្រោយ នូវទង្វើររបស់ខ្លួនក្នុងការចូលរួមទាមទារ នូវអ្វីទាំងងងឹត ងងុល តាមការអំពាវនាវរបស់ក្រុមជនអគតិនោះទេ សូមកុំចូលរួមធ្វើបាតុកម្ម កុប្បកម្ម ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់៕