(ភ្នំពេញ)៖ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ដ និងសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្ដអំពាវនាវដល់ផលិតករផលិតភាពយន្ដ ក្នុងស្រុកទាំងអស់ ផលិតខ្សែភាពយន្ដឲ្យបានច្រើន និងមានគុណភាព ដើម្បីឆ្ពោះទៅលើទីផ្សារភាពយន្ដបរទេស។

ការលើកឡើងបែបនេះ របស់លោក ប៉ុក បូរក្ស ធ្វើឡើងក្នុងពិធីបើកមហោស្រពភាពយន្ដជាតិ លើកទី៦ ឆ្នាំ២០១៩ ក្រោមពាក្យស្លោក «រួមគ្នាដើម្បីលើកស្ទួយភាពយន្តខ្មែរ» នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ដ និងសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យដឹងថា «ការអំពាវនាវ និងជំរុញដល់ម្ចាស់ផលិតកម្មនេះ គឺដោយសារតែវិស័យភាពយន្តនៅកម្ពុជា បច្ចុប្បន្ននេះនៅមានកំរិតនៅឡើយ ដែលបណ្តាលមកពីកត្តាធនធានមនុស្ស កត្តាដើមទុននៃការផលិត កត្តាទីផ្សារតូចចង្អៀត និងកត្តាទំនាក់ទំនងរដ្ឋបាលផ្ទៃក្នុង មិនទាន់មានភាពល្អប្រសើរ ដែលជាឧបសគ្គចំបងក្នុងការរារាំង ដល់ដំណើរការរីកចំរើនលើវិស័យភាពយន្ត»

លោក ប៉ុក បូរក្ស ក៏បានណែនាំឲ្យផលិតករភាពយន្ត ផលិតរឿងប្រកបដោយគុណភាព ដើម្បីទទួលបានការគាំទ្រពី ទស្សនិកជនច្រើនចូលរួមលើកស្ទួយ ដល់ភាពយន្តខ្មែរកាន់តែប្រសើរឡើង។

លោកបន្ថែមទៀតថា «ដើម្បីលើកកម្ពស់គុណភាពភាពយន្តនៅកម្ពុជា ឲ្យមានឧត្តមភាពប្រកួតប្រជែង ជាមួយភាពយន្តបរទេស ពិសេសឈានទៅដណ្តើម ទីផ្សារភាពយន្តនៅក្រៅស្រុក ក្រសួងវប្បធម៌បានដាក់ចេញ វិធានការមួយចំនួនដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញភាពយន្ត ការសម្រួលដល់ផ្នែកឯកជន ក្នុងការវិនិយោគលើវិស័យភាពយន្ត ការសម្រួលផ្នែកពន្ធដារ ការសម្រួលឯកសារបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធ និងការផលិតភាពយន្ត ដោយផ្តោយទៅលើការផ្តល់សេវាសាធារណៈ ព្រមទាំងការខិតខំស្វែងរកទីផ្សារភាពយន្តជាដើម»

លោកបញ្ជាក់ថា មហោស្រពភាពយន្តជាតិលើកទី៦នេះ ជាការវាស់ស្ទង់កំរិតសមត្ថភាពនៃ ការផលិតភាពយន្តរបស់ផលិតករជាតិ ដើម្បីជាសូចនាករ ក្នុងការកំណត់ទិសដៅ នៃការអភវឌ្ឍភាពយន្តរបស់យើងផងដែរ។

លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា មហោស្រពភាពយន្ដជាតិលើកទី៦ ឆ្នាំ២០១៩នេះ មិនត្រឹមតែជាវេទិកាប្រកួតប្រជែងស្នាដៃភាពយន្ដ ដើម្បីដណ្ដើមយកពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាវេទិកាជួបជុំ, សិក្សាស្វែងយល់, វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍, ចំណេះដឹង និងភាពច្នៃប្រឌិតផងដែរ។

លោកបន្ថែមថា លើសពីនេះមហោស្រពជាវេទិកា ក្នុងការរឹតចំណងសាមគ្គីភាព សមត្ថភាពរវាងផលិតករ និងអ្នកបច្ចេកទេសទាំងអស់ ក្នុងវិស័យភាពយន្ត សម្រាបកិច្ចសហប្រតិបត្តិការ នៃការផលិតភាពយន្តរួមគ្នាទៅថ្ងៃអនាគត ឲ្យកាន់តែប្រសើរឡើង។

លោករដ្ឋលេខាធិការបន្ថែមថា ក្រសួងវប្បធម៌ចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ ក្នុងការរួមចំណែកលើកស្ទួយ ដល់ដំណើរការអភិវឌ្ឍឧស្សហកម្មភាពយន្តនៅកម្ពុជា ហើយនឹងទទួលបានការគាំទ្រ ពីសាធារណជនពិសេសយុវជនដែលស្រលាញ់ភាពយន្តខ្មែរ។

លោកបញ្ជាក់ថា លើសពីនេះមហោស្រពនឹងផ្តល់ សារប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ជាបទពិសោធន៍ សម្រាប់ផលិតករភាពយន្តពិសេសបានរួមចំណែក ក្នុងការថែរក្សាការពារវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ជាតិសំដៅប្រែក្លាយកម្ពុជា ជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយវប្បធម៌ខ្មែរ ដែលជាគោលនយោបាយដ៏ចំបងមួយនៃ គោលនយោបាយជាតិស្តីពីវប្បធម៌។

លោក ហាប់ ទូច ក៏បានលើកទឹកចិត្ត ដល់ផលិតករភាពយន្តអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបច្ចេកទេស ព្រមទាំងសិល្បករសិល្បការិនីទាំងអស់បង្កើតផលិតផលភាពយន្តថ្មីៗ ប្រកបដោយភាពឆ្នៃប្រឌិត ដើម្បីបម្រើអារម្មណ៍ទស្សនិកជន និងរួមចំណែកថែរក្សាការពារតម្លៃវប្បធម៌ជាតិ ព្រមទាំងរួមវិភាគទានដោយផ្ទាល់ ក្នុងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋថែមទៀតផង៕

សូមបញ្ជាក់ថា មហោស្រពភាពយន្ដជាតិលើកទី៦ ឆ្នាំ២០១៩នេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានផលិតកម្មភាពយន្ត ដាក់ពាក្យចូលរួមប្រកួតចំនួន៩ផលិតកម្ម ដោយមានស្នាដៃភាពយន្តចំនួន១៨។

ក្រសួងវប្បធម៌ បានកំណត់យកស្នាដៃភាពយន្ដ ដែលត្រូវយកមកចូលរួមប្រកួតប្រជែងត្រូវផ្ដោត លើខ្លឹមសារមួយចំនួនដូចជា៖ អប់រំ និងផ្សព្វផ្សាយចំណេះដឹងអំពីវប្បធម៌, ទំនៀមទំម្លាប់, ប្រពៃណីជាតិ, លើកស្ទួយវប្បធម៌សន្តិភាព, ពង្រឹងសាមគ្គីភាព និងឯកភាពជាតិ, បង្កើតភាពច្នៃប្រឌិត និងឆ្លុះបញ្ចាំងពីតថភាពសង្គម។

គ្រប់ស្នាដៃភាពយន្តទាំងអស់ ដែលដាក់ចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តជាតិលើកទី៦ ឆ្នាំ២០១៩ ត្រូវគោរពតាមលក្ខខណ្ឌដូចជា៖
១៖ ស្នាដៃភាពយន្តខ្មែរ ដែលផលិតដោយផលិតកម្មក្នុងស្រុក និងទទួលបានទិដ្ឋាការបញ្ចាំង ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
២៖ ជាស្នាដៃភាពយន្តខ្មែរដែលបានផលិតក្នុងអំឡុងចន្លោះពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ និងមិនធ្លាប់ចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តជាតិកន្លងមក៕