(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រងដីរដ្ឋខេត្តក្រចេះ និងលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅដ្ឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកកិច្ចប្រជុំប្រធានគណៈកម្មាការបែងចែកដីសម្បទានសង្គមកិច្ច ឃុំ២ធ្នូ ស្រុកស្នួល បានសម្រេច១០០%។

រដ្ឋបាលស្រុកស្នួល បានឲ្យដឹងថា ដំណើរការ នៃការបែងចែកដីសម្បទានសង្គមកិច្ចឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានបញ្ចប់ជាស្ថាពរមានរយៈពេល១ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០១៨ ហើយបញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលដីសម្បទានសង្គមកិច្ចទាំងនោះមាន២ទីតាំងគឺទីតាំងទី១មានផ្ទៃដីទំហំជាង ៦០០ហិកតា និងទីតាំងទី២ ជាប់ព្រំប្រទល់វៀតណាមមានផ្ទៃដីជាង ៣ពាន់ហិកតា។

បើតាមរដ្ឋបាលស្រុកស្នួល ការបែងចែកជូនមុខសញ្ញាទទួលដីពេលនេះយើងហៅថា ជាសម្បទានិកបានចំនួន ១.៥៤១គ្រួសារ ស្មើនឹងជាង ៥៦០០នាក់ ក្នុងការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់ បានកាន់កាប់ដីខុសច្បាប់មានលំនៅឋានជាក់ស្ដែងចំនួន ២៤៤គ្រួសារ និងដោះស្រាយជូនជនជាតិដើមភាគតិចស្ទៀងបានចំនួន ៩៩គ្រួសារទៀត សរុបនៃការបែងចែកដី និងការដោះស្រាយដីជូនប្រជាពលរដ្ឋ នៅក្នុងបរិវេណ នៃដីសម្បទានសង្គមកិច្ចឃុំ២ធ្នូនេះ គឺបានរហូតទៅដល់ ១,៨៨៤គ្រួសារ ហើយមានសមាជិកគ្រួសារគឺជិត ៧០០០នាក់។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានកោតសរសើរថា «នេះគឺជាជោគជ័យមួយក្រោមការដឹកនាំចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលមានក្រសួងរៀបចំដែនដី បានធ្វើការណែនាំដឹកនាំផ្ទាល់មកអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ ដើម្បីសម្រេចនូវការបែងចែកដីជូនប្រជាពលរដ្ឋ ហើយជាការបញ្ចប់នូវទំនាស់ដីធ្លីបាននៅក្នុងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចំការកៅស៊ូមេមត់ ដោយបានកាត់យកដីសម្បទានសេដ្ឋកិច្ចរបស់ចំការក្រុមហ៊ុនកៅស៊ូមេមត់នេះជាង ៤ពាន់ហិកតា យកមករៀបចំជាដីសម្បទានសង្គមកិច្ច ហើយឥឡូវនេះដីសម្បទាន សេដ្ឋកិច្ចដែលយើង បានចុះបញ្ជីជាដីឯកជនរបស់រដ្ឋជូនក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទវិញហើយ»

លោកអភិបាលខេត្ត បានបន្តទៀតថា ដូច្នេះរវាងប្រជាពលរដ្ឋទទួលផលនៅក្នុងដីសម្បទានសង្គមកិច្ច និងការទទួលវិនិយោគរបស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ជួល ដីពីរដ្ឋពីក្រសួងកសិកម្មនេះ គឺញែកដាច់ពីគ្នាលែងមានទំនាស់ទៀតហើយ និងបានថ្លែងអំណរគុណចំពោះការដឹកនាំផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តែងតែចង្អុលណែនាំគ្រប់ដំណាក់កាល នៃការអនុវត្តដើម្បីក្រុមការងារសម្រេចបាន ១០០% ហើយសង្ឃឹមថា បងប្អូនទាំងអស់បានរួមសហការរស់នៅប្រកបរបរកសិកម្ម សង់លំនៅឋានរស់នៅជួបជុំគ្នាប្រកបដោយភាពសុខដុមរមនា។

លោកបញ្ជាក់ទៀតថា «ចំពោះបញ្ហាប្រឈមផ្សេង យើងបានដោះស្រាយជាបន្តបន្ទាប់ហើយ បញ្ហាដែលនៅសេសសល់មានដូចជា ការប្រើប្រាស់ជាផ្លូវចូលទៅកាន់លើដីសម្បទានសង្គមកិច្ច យើងនឹងសិក្សាបន្ថែមអំពីបញ្ហាអណ្តូងទឹក សំណើសុំធ្វើផ្លូវចូលទៅកាន់ដីសម្បទានសង្គមកិច្ចទាំងពីរចំណុចនេះ។ ហើយក៏ទទួលបានពីការប្ដេជ្ញាចិត្តខ្ពស់ពីគ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួម ដោះស្រាយនូវទំនាស់របស់បងប្អូន និងរក្សាការពារនូវសន្តិសុខ សុវត្ថិភាពជូនបងប្អូន ក្នុងការទទួលបានដីប្រកបដោយស្របច្បាប់ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ម្យ៉ាងវិញទៀត ក៏សូមកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ទំនាស់ដែលបានចូលរួមសហការ និងគោរពអនុវត្តតាមច្បាប់របស់អាជ្ញាធរក្នុងការបែងចែកដីផងដែរ ឲ្យប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព»៕