(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១២ ផ្លូវច្រក៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានធ្វើពាក្យបណ្តឹងរួមគ្នា ប្តឹងក្រុមហ៊ុនការដ្ឋានសំណង់ចិនមួយកន្លែង ដែលធ្វើសកម្មភាពបង្កឲ្យផលប៉ះពាល់ ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ នេះបើយោងតាមពាក្យបណ្តឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលផ្ញើជូនទៅអភិបាលខណ្ឌចំការមន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំប្តឹងក្រុមហ៊ុនឆាយណាខន់ស្ត្រាក់សិន គ្រឹះស្ថានទី១ ពីបទបង្កឲ្យខូចខាតទ្រព្យសសម្បត្តិរំខាន ប៉ះពាល់សុខភាព និងធ្វើឲ្យមានការភ័យខ្លាចដល់ការរស់នៅប្រចាំថ្ងៃ»

យោងតាមពាក្យបណ្តឹងដដែលនេះ បានឲ្យដឹងបន្តថា នៅដើមឆ្នាំ២០១៩នេះ មានក្រុមហ៊ុនឆាយណាខន់ស្ត្រាក់សិនគ្រឹះស្ថានទី១ បានបើកការដ្ឋានសំណង់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ជាប់របងផ្ទះប្រជាពលរដ្ឋដើមបណ្តឹង និងបានបង្កឲ្យការរញ្ជួយរង្គើផ្ទះ ស្រុតប្រេះជញ្ជាំង សំឡេងរំខាន២៤ម៉ោង សាចកម្ទេចថ្ម សាចផ្កាភ្លើង ជះក្លិនឈ្ងៀម ស្រក់ទឹកស៉ីម៉ង់ត៍លើទ្រព្យសម្បតិ្ត ដំបូលផ្ទះ និងធ្វើឲ្យមានការភ័យខ្លាច ពីសុវត្ថិភាព ការរស់នៅប្រចាំថ្ងៃ ដោយដែកយោងសម្ភារការដ្ឋានសំណង់ វិលនៅលើដំបូលផ្ទះពួកគាត់ ជាប្រចាំរាល់ពេលសាងសង់៕