(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជុំវិញពិភពលោក នឹងរៀបចំពិធីអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៩ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីធ្វើការអំពាវនាវសាជាថ្មីដល់ថ្នាក់ដឹកនាំទូទាំងពិភពលោកបន្ត «រក្សាសន្យា» ដល់មនុស្សដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៩ នឹងមានប្រទេសចំនួន៤៣ ដែលអង្គការ AHF កំពុងធ្វើប្រតិបត្តិការធ្វើការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗ ពេញមួយសប្តាហ៍ ដើម្បីអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ដោយមាននូវការប្រគំតន្ត្រីឥតគិតថ្លៃ ការប្រកួតកីឡា ការសម្តែង និងសកម្មភាពផ្សេងៗ រួមមានការដើរព្យុះហយាត្រា និងការដង្ហែក្បួន ការបង្ហាញម៉ូត និងសកម្មភាពនានានៅតាមទីសាធារណៈផងដែរ។

អង្គការ AHF នឹងប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៩ ក្នុងប្រទេសកម្ពុជានៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ សម្រាប់ព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំនេះ នឹងមានវត្តមានចូលរួមពីភ្ញៀវកិត្តិយសក្នុងកម្មវិធីសន្និសីទសារព័ត៌មាន «រក្សាសន្យា» ចំពោះមេរោគអេដស៍ និងជំងឺអេដស៍ និងការដើរក្បួន នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ការរាំ Flash Mob ការប្រគំតន្រ្តីដោយតារាចម្រៀងល្បី តារាកំប្លែង និងកម្មវិធីប្លែកៗជាច្រើន រួមនឹងការធ្វើតេស្តឈាម​រកមេរោគអេដស៍ និងចែកស្រោមអនាម័យដោយឥតគិតថ្លៃផងដែរ។ ការប្រគំតន្រ្តីនេះគឺបើកឲ្យចូលរួមទស្សនាដោយសេរី និងមិនគិតថ្លៃ។

លោកស្រីវេជ្ជ ហួយ ស៊ីខេង​ ប្រធានគ្រប់គ្រងកម្មវិធីអង្គការ AHF បានឱ្យដឹងថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ជាការអំពាវនាវដល់ថ្នាក់ដឹកនាំ​ពិភពលោកទាំងមូល​ ឲ្យ​បន្តចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងមេរោគអេដស៍ ព្រោះនៅមានជីវិតមនុស្សរាប់លាននាក់ទៀត ដែលត្រូវការជួយសង្គ្រោះ និងយកចិត្តទុកដាក់ពី​បញ្ហាមេរោគអេដស៍ និងជំងឺអេដស៍។ នៅក្នុងប្រទេសកម្ពុជា ជាមួយការគាំទ្រពីរដ្ឋាភិបាលនិងការងារជាដៃគូជាមួយអង្កការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានា បាននិងកំពុងបន្តការងារយ៉ានងពេញទំហឹងក្នុងការជួយសង្គ្រោះជីវិត ព្យាបាល និងថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍។

លោក Michael Weinstein ប្រមុខដឹកនាំអង្គការ AHF សកល បានឱ្យដឹងថា ជាមួយនឹងសមិទ្ធផលជោគជ័យ ដែលទទួលបានពីគម្រោងបំពេញបន្ថែមលើកទី៦ របស់មូលនិធិសកល ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺអេដស៍ រោគរបេង និងជំងឺគ្រុនចាញ់ក្នុងខែតុលា យើងគិតថា យើងកំពុងតែធ្វើការនៅលើយុទ្ធសាស្ត្រមួយ ដែលត្រឹមត្រូវក្នុងការលុបបំបាត់ និងការពារការរីករាលដាលនៃជំងឺទាំងអស់នោះ។ ប៉ុន្តែប្រទេសទាំងអស់មិនត្រូវឈប់ត្រឹមនេះទេ ជាពិសេសអ្នកដែលមិនទាន់បានចូលរួម ហើយត្រូវធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីជួយគាំទ្រដល់មូលនិធិក្នុងការស្វែងរកជំនួយឲ្យបានគ្រប់ ១៨ពាន់លានដុល្លារ សម្រាប់គម្រោងបន្ទាប់។

លោកបានបន្ថែមថា ជាក់​ស្តែងលុយពិតជាមានសារៈសំខាន់ ប៉ុន្តែការរក្សាសន្យាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ កាន់តែមានសារៈសំខាន់ ដែលយើងត្រូវតែដឹង​ពីចំនួនអ្នកជំងឺនៅតាមបណ្តាប្រទេសនីមួយៗ និងទូទាំងពិភពលោកឲ្យបានច្បាស់លាស់ ដើម្បីអាចឲ្យយើងធ្វើការកំណត់គោលដៅ បានត្រឹមត្រូវក្នុងការផ្តល់ការគាំទ្រ។ ការបញ្ចប់មេរោគអេដស៍ពីពិភពលោក គឺអាចទៅរួច ប៉ុន្តែយើងត្រូវការសហការពីសហគមន៍សុខភាពសកល រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមធ្វើការជាមួយគ្នា ប្រកបដោយភាពឆ្លាតវៃក្នុងការសម្រេចការងារនេះ»។

យោងតាមស្ថិតិចុងក្រោយរបស់អង្គការ UNAIDS មានមនុស្សចំនួន ៣៧.៩លាននាក់នៅជុំវិញពិភពលោក កំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ហើយសម្រាប់ឆ្នាំ២០១៨ មានមនុស្សប្រមាណ ១.៧លាននាក់ បានឆ្លងមេរោគអេដស៍ថ្មី និង ៧៧០,០០០នាក់បានស្លាប់ ដោយសារជំងឺផ្សេងៗ ដែលពាក់ព័ន្ធនឹង​ជំងឺអេដស៍។ ក្នុងពេលបច្ចុប្បន្ន ខណៈពេលដែលមនុស្សរាប់លានកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គឺមានមនុស្សរាប់លាននាក់ផ្សេងទៀត​កំពុងត្រូវការជួយសង្គ្រោះជាបន្ទាន់ផងដែរ៕