(កំពត)៖ រដ្ឋបាលខេត្តកំពតបានកំណត់រយៈពេល ២០ថ្ងៃ ដើម្បីឲ្យម្ចាស់ទូកទេសចរណ៍នៅតាមបណ្ដោយព្រែកកំពង់បាយ ឬព្រែកកំពត ត្រូវផ្លាស់ប្ដូរចំណតទទួលភ្ញៀវទេសចរទៅត្រើយខាងលិចវិញ ដើម្បីសម្រួលដល់ការងារកែលម្អសោភ័ណភាពក្រុង និងសុវត្ថិភាពភ្ញៀវទេសចរ ខណៈពិធីបុណ្យសមុទ្រក៏កំពុងខិតជិតមកដល់ផងដែរ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តកំពត ស្ថាប័ន មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ជាមួយក្រុមអាជីវករទូកទេសចរណ៍នៅព្រែកកំពង់បាយ ក្រោមវត្តមានលោក ជាវ តាយ អភិបាលខេត្តកំពត នៅសាលាខេត្តកំពត នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ បច្ចុប្បន្ននៅតាមព្រែកកំពង់បាយមានទូកទេសចរណ៍ចំនួន ១៩គ្រឿង និងកាន់កាប់ដោយម្ចាស់ចំនួន ១៥នាក់។

លោកអភិបាលខេត្តបានកំណត់ឱ្យក្រុមអាជីវករម្ចាស់ទូកទាំង១៩គ្រឿងខាងលើ ត្រូវប្ដូរទៅចតទូកនៅទល់មុខសាលាខេត្តកំពតវិញ រហូតទល់គល់ស្ពានចាស់ ដែលមានប្រវែង ៤៤០ម៉ែត្រ ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

លោក ជាវ តាយ បានលើកបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តកំពតមានភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តកើនឡើងជាលំដាប់ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ុន្តែបញ្ហាប្រឈមនានា ដូចជាសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថានក្រុងកំពត នៅមានកម្រិតនៅឡើយ។

ហេតុដូច្នេះហើយទើបបានជារដ្ឋបាលខេត្តកំពត ក៏ដូចជារដ្ឋបាលក្រុងកំពត រួមនឹងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវមានគោលការណ៍ផ្លាស់ប្ដូរទីតាំងថ្មីមួយនេះជាចាំបាច់ សំដៅអភិវឌ្ឍន៍ខេត្ត និងសោភ័ណភាពកាន់តែល្អ ពង្រីកវិសាលភាពអេកូទេសចរណ៍ក្នុងខេត្ត និងពង្រឹងនូវសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ និងបរិស្ថានឲ្យបានកាន់តែប្រសើរឡើង នៅតាមមាត់ទឹកដងព្រែកក្រុងកំពត ពិសេសធានាសុខសុវត្ថិភាពរបស់អ្នកដំណើរកម្សាន្តតាមទូកទេសចរណ៍លើដងព្រែកកំពតនេះ។

លោកអភិបាលខេត្តក៏បានកំណត់ឲ្យមានការដាក់ភ្លើង ឬតបណ្ដាញទឹកនៅចំណតទូកទេសចរណ៍ថ្មីនេះ សម្រាប់បម្រើដល់អាជីវករ និងភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកលេងកម្សាន្ត។

លោកអភិបាលខេត្តក៏តម្រូវឲ្យអាជីវករម្ចាស់ទូកត្រូវបំពាក់ពោងសុវត្ថិភាព អាវសុវត្ថិភាពដល់អ្នកទេសចរ ត្រូវមានបង្គន់អនាម័យ និងសម្អាតបរិស្ថានទឹក ដោយមិនត្រូវចាក់បង្ហូរភាពកង្វក់ចូលព្រែកនោះឡើយ ហើយមន្ទីរជំនាញត្រូវសហការបន្តផ្តល់អាជ្ញាប័ណ្ណ ដោះស្រាយបញ្ហាប្រឈមនានា ទាំងផ្នែកបច្ចេកទេសក្នុងការបោះទីតាំង ក៏ដូចការផ្លាស់ប្តូរទីតាំងនេះឲ្យបានជោគជ័យ និងប្រកបដោយតម្លាភាព៕