(ស្ទឺងត្រែង)៖ ពង្រឹងសមត្ថភាពរបស់មន្ត្រីថ្នាក់ក្រោមជាតិ ជានយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣។ មន្ត្រីរាជការថ្នាក់ក្រោមជាតិជាច្រើនរូបត្រូវបានបណ្តុះបណ្តាលជាបន្តបន្ទាប់ពី «នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»។

នៅដើមសប្តាហ៍នេះ មន្ត្រីរាជការចំនួន ១១៦នាក់ទៀត មកពីរដ្ឋបាលក្រុង ស្រុក នៃខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី បានទទួលការបណ្តុះបណ្តាលនូវ «នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»។ ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣។

សិក្ខាសាលានេះ សហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់-ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីបើកការបណ្តុះបណ្តាលនោះ លោក អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាសកម្មភាពសំខាន់មួយគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់វិមជ្ឍការ និងវិសហមជ្ឈការ ព្រមទាំងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបន្តថា ការបណ្តុះបណ្តាលនេះ ក៏ជាការព្រឹង និងពង្រីកសមត្ថភាពមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ, លើកកម្ពស់ភាពជាម្ចាស់ និងមនសិការវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនឹងជួយដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកនាយកវិទ្យាស្ថាន ក៏បានគូសរំលេចពីកម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ២០០៤ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាសារវន្ត ជាពិសេសសម្រេចបាននូវ «ភាពជឿទុកចិត្តនៃថវិកា» ក្នុងដំណាក់កាលទី១ និង «គណនេយ្យភាពហិរញ្ញវត្ថុ» នៅក្នុងដំណាក់កាលទី២។

លោក អិន អេម បានបញ្ជាក់ថា បច្ចុប្បន្នកម្មវិធីកែទម្រង់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ឤទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០២០ ហើយនឹងឈានទៅអនុវត្តដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងគោលដៅសម្រេចបាននូវ «គណនេយ្យភាពសមិទ្ធកម្ម»។

ដើម្បីម្រេចគោលដៅនេះ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ត្រូវបានដាក់ឱ្យអនុវត្ត ហើយយុទ្ធសាស្ត្រនេះបានចង្អុលឱ្យមានការរៀបចំ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ២០១៩-២០២៥ ដើម្បីប្រែក្លាយជាប្រព័ន្ធថវិកាជាតិពេញលេញ និងតែមួយ គឺ «ប្រព័ន្ធថវិកាជាតិ» ដែលជាចំណុចចាប់ផ្តើមនៃដំណើរវែងឆ្ងាយបន្តទៀត ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០២៥ នៅក្នុងការប្រែក្លាយប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមាន ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ស្របតាមសមត្ថភាព និងតថភាពជាក់ស្តែងនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការណ៍នេះ តម្រូវឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម និង សកម្មរបស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និង ស្មារតីភ្ញាក់រលឹកធ្វើការកែទម្រង់ជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និង ការដឹកនាំ ។

លោក អិន អេម ក៏បានសង្កត់ធ្ងន់បន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពី «នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» នេះ ពិតជាមានសារៈសំខាន់ ដោយគ្រប់ប្រធានបទទាំងអស់ គឺសុទ្ធតែបានរៀបចំជាមេរៀន ដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត ត្រូវអនុវត្តឱ្យបានគត់មត់ ដោយអនុលោមទៅតាមស្មារតី «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥» ហើយសមស្របទៅនឹងដំណើរការផ្ទេរសិទ្ធិអំណាច និង ការទទួលខុសត្រូវលើការងារហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការណ៍នេះ នឹងទាមទារចាំបាច់ឱ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានសមត្ថភាព, មានជំនាញវិជ្ជាជីវៈសមស្របក្នុងទម្រង់ដូចគ្នានឹងរដ្ឋបាលថ្នាក់ជាតិ ។

ក្នុងចំណុចនេះ លោកនាយកវិទ្យាស្ថាន ក៏បានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពមន្ត្រីរាជការរបស់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ចាំបាច់ត្រូវរៀបចំ និង អនុវត្តឱ្យមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃ «ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាពក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣» សំដៅធានាប្រសិទ្ធភាព និង គុណភាពនៃការបណ្តុះបណ្តាលសមត្ថភាព ពោលគឺធ្វើឱ្យមន្ត្រីរាជការកាន់តែមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និង គុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក៕