(ភ្នំពេញ)៖ ដោយសារតែតម្រូវការទឹកស្អាត ប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បាននិងកំពុងមានតម្រូវការច្រើន ធ្វើឲ្យការផ្គត់ផ្គង់ទឹកស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅមានការខ្វះខាត។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានត្រៀមខ្លួនរួចរាល់ផងដែរ ក្នុងការជួយសម្រួល និងបន្ថែមជូននៅការខ្វះខាតទឹកជូនដល់បងប្អូនប្រជាពលរដ្ឋ នៅរដូវក្រៅខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងកម្មវិធីកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News។

លោក ស៊ឹម ស៊ីថា បានអះអាងយ៉ាងដូច្នេះថា ការខ្វះខាតទឹកស្អាតប្រើប្រាស់ ក៏ជាក្ដីកង្វល់មួយយ៉ាងធំ សម្រាប់ពួកយើងដែលជាអ្នកផលិតទឹកស្អាត។ ជាក់ស្ដែងមកទល់ពេលនេះ យើងបានប្រជុំគ្នាអំពីស្ថានភាពកម្ពស់ទឹកទន្លេ ក៏សូមបញ្ជាក់ថា រោងចក្រផលិតទឹកទាំង៣របស់យើង បើតាមពិនិត្យជាក់ស្ដែងស្ថានភាពកម្ពស់ទឹក ក្នុងស្ថានីយបូមទឹករបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញទាបជាងឆ្នាំមុនជិត៤ម៉ែត្រ។

អគ្គនាយករូបនេះបញ្ជាក់ថា «រឿងផលិតទឹកស្អាតនេះ ជាក្ដីកង្វល់របស់យើងខ្ញុំដែរ កាលណាទឹកស្រកលឿន ការបូមយកមកផលិតធ្វើឲ្យមានការលំបាក ម៉ូទ័របូមទឹកអាចនឹងធ្លាក់ចុះ ដូច្នេះការផលិតអាចតិចជាងអ្វី ដែលបានគ្រោងទុក ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារបច្ចេកទេស ត្រៀមម៉ូទ័រជំនួយ ដើម្បីបូមទឹកបន្ថែម ចូលក្នុងបំពងទុយោយកមកផលិត មិនឲ្យស្រកសមត្ថភាពផលិតនោះឡើយ និងបំពេញសេចក្ដីត្រូវការទាន់ពេលវេលា»។

លោកបញ្ជាក់ទៀតថា «ទោះបីជាយ៉ាងណាក៏ដោយក្នុងរដូវប្រាំងនេះ ត្រូវការទឹកច្រើនអាកាសធាតុក្ដៅ អាចនឹងធ្វើឲ្យមានការខ្វះខាតទឹកប្រើប្រាស់ដោយកន្លែង។ តែយ៉ាងណារដ្ឋាករស្វយ័តក្រុងភ្នំពេញ ក៏បានត្រៀមខ្លួនរួចរាល់ហើយ នៅសម្ភារៈមួយចំនួនដូចជា៖ ឡានទឹក, ធុងទឹក ដើម្បីជួយសង្គ្រោះ និងជួយបំពេញបន្ថែមដល់តំបន់ជាយក្រុង ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ យើងខ្ញុំនឹងដឹកតាមឡាន ដោយផ្ទាល់ដាក់តាមធុងដូចកាលពីឆ្នាំមុន ដើម្បីឲ្យប្រជាពលរដ្ឋយកទឹកពីធុងទៅប្រើប្រាស់»

លោកបានឲ្យដឹងទៀតថា នៅតាមតំបន់ជាយក្រុង មានការខ្វះខាតទឹកប្រើប្រាស់ ដោយសារតែសម្ពាធទឹកនៅខ្សោយ មែនទែនទៅសម្ពាធទឹកអាស្រ័យនឹងបរិមាណទឹក ដែលយើងមាន បើមានទឹកច្រើន បូមយកទៅបំពេញក្នុងបំពង់ទុយោបានច្រើន សម្ពាធទឹកនឹងកើនឡើងខ្លាំង។ ហេតុដូច្នេះទើបរដ្ឋាករទឹកស្វយ័ត អនុវត្តន៍នូវគម្រោង ក្នុងការសាងសង់រោងចក្រ ព្រោះរោងចក្រផលិតទឹកសព្វថ្ងៃមានចំនួន៤ប៉ុណ្ណោះ ក្នុងនោះរោងចក្រ៣កំពុងដំណើរការ និងមួយទៀតកំពុងសាងសង់ ដែលរោងចក្រ៣នោះ អាចផលិតបរិមាណទឹកមានត្រឹ៥៩-៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

ដើម្បីដោះស្រាយនូវកង្វល់ទាំងនេះ និងដើម្បីបញ្ជៀសការខ្វះខាតទឹកជារៀងរាល់ឆ្នាំនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចក្នុងការសាងសង់រោងចក្រផលិតទឹកស្អាតបន្ថែមថ្មី ដែលជារោងចក្រផលិតទឹកស្អាតទី៤ ដែលមានទីតាំងនៅបាក់ខែង ដែលមានតម្លៃ៣០០លានដុល្លារ៕