(ភ្នំពេញ)៖ នៅរយៈពេល១១ ខែឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងរាជធានីភ្នំពេញ និងសៀមរាប បានទទួលពិនិត្យ និងព្យាបាលជំងឺជូនដល់កុមារជាង១លាននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងយ៉ាងដូច្នេះថា តាមប្រភពពីមន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញថាក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មានកុមារចំនួន ៩០៤,៣៦៦ករណី ត្រូវបានពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះខាងក្រៅ, កុមារចំនួន១៩១,២៤៩នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ ក្នុងនោះមានកុមារ ៣៣,៩៤៤នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ, កុមារ២៤,៦១៧នាក់ ត្រូវបានវះកាត់ទូទៅ និងកុមារចំនួន៨៩១នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូង តាមសរសៃឈាម (ទាំងនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងភ្នំពេញ)។ លើសពីនេះទៅទៀត ស្ត្រីមានផ្ទៃពោះចំនួន ១៤៨ ២៤៨ ករណីបានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ព្រមទាំងបានសម្រាលកូនបានចំនួន ២៣ ៣៥០នាក់។

មូលនិធិគន្ធបុប្ផាកកម្ពុជា បានលើកឡើងថា «លទ្ធផលទាំងនេះ មួយផ្នែកកើតឡើងដោយសារការរួមចំណែក ប្រកបដោយទឹកចិត្តសប្បុរសពីសំណាក់សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមូលនិធិកន្ធបុប្ផាកម្ពុជា នាពេលកន្លងមក។ ជាក់ស្ដែងត្រឹមតែរយៈពេល១១ ខែ ក្នុងឆ្នាំ២០១៩នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាដែលបានមកពីការបរិច្ចាគពីសប្បុរជនានាចំនួន ១០,៨៩២,៤០៤ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានាឲ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ក៏ដូចជាការបន្តនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងការចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
* ធនាគារកាណាឌីយ៉ា
* ធនាគារអេស៊ីលីដា
* ធនាគារ ABA
* ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
* ភ្នាក់ងារវេប្រាក់ TrueMoney
* ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋានដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh