(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា និងអង្គការអវកាសជាតិ ISRO នៅទីបំផុតបានទទួលស្គាល់ថា ជើងទម្រ Chandrayaan-2 និងរ៉ូបូត Vikram ដែលផ្ទុកនៅក្នុងនោះ ពិតជាបានធ្លាក់នៅលើផ្ទៃព្រះច័ន្ទប្រាកដមែន អំឡុងការព្យាយាមចុះចតកាលពីខែកញ្ញា ហើយដើមហេតុដែលបង្កភាពបរាជ័យនេះឡើង គឺដោយសារតែរ៉ុក្កែតដែលត្រូវបានប្រើប្រាស់ ធ្វើជាហ្វ្រាំងបន្ថយល្បឿនយាននោះ ដំណើរការខុសការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយ Space នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ បេសកកម្មចន្ទ្រាយាន ២ (Chandrayaan-2) បានព្យាយាមធ្វើការចុះចតនៅក្បែរប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ហើយកាលណោះក្រោយរយៈពេលតែ ១០នាទីប៉ុណ្ណោះនៃការព្យាយាមចុះចត យានទាំងមូលបានបាត់ដំណឹង ហើយភ្លាមៗអង្គការអវកាសឥណ្ឌា ISRO នៅតែព្យាយាមធ្វើការទាក់ទងយាននោះ ដោយបានប្រើរយៈពេលជាង ១០ថ្ងៃ ប៉ុន្តែមិនទទួលបានដំណឹងអ្វីឡើយ។

តាមរយៈរបាយការណ៍របស់ ISRO ទៅកាន់សភាឥណ្ឌា ដែលគេទទួលបាន បានបញ្ជាក់យ៉ាងដូច្នេះថា «តំណាក់កាលទី ១ នៃការទម្លាក់ខ្លួនត្រូវបានធ្វើឡើង ជាប្រក្រតីចាប់ពីរយៈកម្ពស់ ៣០គីឡូម៉ែត្រ ទៅដល់រយៈកម្ពស់ ៧.៤គីឡូម៉ែត្រពីលើផ្ទៃព្រះច័ន្ទ ជាមួយនឹងល្បឿន ១.៦៨គីឡូម៉ែត្រក្នុងមួយវិនាទី រហូតចុះយឺតដល់ ១៤៦ម៉ែត្រក្នុងមួយវិនាទី។ ឈានចូលដល់តំណាក់កាលទី ២ ការបន្ថយលឿនបែរជាខុសការគ្រោងទុកទៅវិញ ដោយវាបានធ្វើឲ្យយានផ្ទុករ៉ូបូត Vikram ចុះចតខុសកន្លែងដែលបានគ្រោងទុក ក្នុងចម្ងាយប្រមាណ ៥០០ម៉ែត្រ ជាមួយល្បឿនលឿន (ធ្វើឲ្យយានគាំងខូច ឬអាចធ្លាក់ខ្ទេចខ្ទី)»។

គួរបញ្ជាក់ថា ទោះបីជារ៉ូបូត Vikram ខូចបាត់ទៅហើយក្តី តែបេសកកម្មចន្ទ្រាយាន ២ មិនបានទទួលបរាជ័យនោះទេ ព្រោះផ្កាយរណបរបស់វានៅតែគោចរជុំវិញព្រះច័ន្ទជាប្រក្រតី ហើយបានបញ្ជូនទិន្នន័យសំខាន់ៗ អំពីបរិស្ថាននៅជុំវិញតំបន់ប៉ូលខាងត្បូងព្រះច័ន្ទ មកកាន់ភពផែនដីវិញផងដែរ៕