(សៀមរាប)៖ ប្រទេសក្នុងមហាអនុតំបន់មេគង្គ (GMS) បានបង្ហាញការគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញទេសចរណ៍ពីប្រទេសមួយទៅប្រទេសមួយទៀត សំដៅរួមចំណែកជំរុញ លំហូរទេសចរទស្សនាគ្នាទៅវិញទៅមក ទាំងទេសចរកម្ពុជា និងទេសចរក្នុងតំបន់ GMS ព្រមទាំងទេសចរមកពីប្រទេសទីបី។

ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី៤៤ នៃប្រទេសក្នុងមហាអនុតំបន់មេគង្គ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំកានៃក្រសួងទេសចរណ៍ និងដឹកនាំកិច្ចប្រជុំដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះមានការចូលរួមពីស្ថាប័នទេសចរណ៍ជាតិនៃប្រទេសជាសមាជិក GMS ដៃគូរអភិវឌ្ឍមកពី ADB, ASEAN-China Center, ASAEN Korea Center, ASEAN Japan Center, Luxembourg Development PATA, Mekong Institute, Tourism Authority of Thailand (TAT) និងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន ៧៣នាក់ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆកា ឆ្នាំ២០១៩ នៅសណ្ឋាគារអប្សារាអង្គរ ខេត្តសៀមរាប។

សូមជម្រាបថា នៅឆ្នាំ២០១៨ ប្រទេស GMS ទទួលបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦៧,៦១៤,៩២២លាននាក់ ក្នុងនោះទេសចរកម្ពុជាមានចំនួន ៦.២នាក់។

កិច្ចប្រជុំបានឯកភាពអនុវត្តបន្តកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាលើផែនការសកម្មភាពរួម ២០២០-២០២៥ ដូចខាងក្រោម៖
១. ជំរុញលំហូរទេសចរទស្សនាគ្នាទៅវិញទៅមក ទាំងទេសចរកម្ពុជា និងទេសចរក្នុងតំបន់ GMS ព្រមទាំងទេសចរមកពីប្រទេសទីបី មកទស្សនាប្រទេស GMS
២. ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា
៣. ជំរុញការអភិវឌ្ឍវិស័យទេសចណ៍នៅច្រករបៀងទេសចរណ៍ភាគខាងត្បូង
៤. ការអភិវឌ្ឍធនធានមនុស្សទេសចរណ៍
៥. ការគាំទ្រគ្នាក្នុងការជំរុញការវិនិយោគលើវិស័យទេសចរណ៍រវាងប្រទេសទាំង៦
៦. អង្គប្រជុំក៏បានឯកភាពដាក់បញ្ជូលនូវសកម្មភាពថ្មីៗ ក្នុងផែនការសកម្មភាពរួម (Join Action Plan)
៧. ការសម្របសម្រួលក្នុងការធ្វើដំណើរក្នុងតំបន់ GMS។

កិច្ចប្រជុំក៏ទទួលបាននូវការគាំទ្រពីដៃគូរអភិវឌ្ឍន៍នានាលើការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ ក្នុងការតភ្ជាប់នៃបណ្តាប្រទេសក្នុងតំបន់ GMS៕