(ឧត្តរមានជ័យ)៖ ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពី «ការចាត់វិធានការថែរក្សាទឹកទុក»

ពិធីនេះក្រោមវត្តមានលោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក តំណាងលោករដ្ឋមន្រ្តី លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ប៉ែន កុសល្យ អភិបាលខេត្ត ឧត្តរមានជ័យ និងមានការចូលរួមពីលោក ញឺន កួន ប្រធានមន្ទីរធានធានទឹកខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ជាច្រើនរូបទៀត។

លោក ចាន់ យុត្ថា បានថ្លែងថា ក្នុងខ្លឹមសារសារាចរនេះ មិនមែនហាមឃាត់មិនឲ្យប្រើប្រាស់ទឹកទេ តែយើងត្រូវប្រើប្រាស់ដោយសន្សំសំចៃ យើងថែរក្សាទឹកទុក ហើយក៏មិនមែនមានន័យទុកមិនឲ្យ ប្រើនោះទេ គឺចង់សំដៅថាតើយើងត្រូវប្រើដោយរបៀបណា?។

លោករដ្ឋលេខាធិការបានបន្តថា តម្រូវការប្រើប្រាស់ទឹកទី១ គឺប្រើលើស្រូវវស្សា ឫស្រូវធ្ងន់ និងទី២ គឺត្រូវប្រើនៅរដូវស្រូវប្រាំងគឺប្រាំង២០១៩-២០២០ ហើយចំពោះស្រូវវស្សាដើមរដូវវិញ គឺហាមមិនឲ្យធ្វើទេ។ លោកបានបន្តថា ការរក្សាទឹកទុកនេះក្រៅពីបម្រើឲ្យការងារស្រោចស្រព គឺយើងប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តត្រូវប្រើដោយលក្ខណៈសន្សំសំចៃ មិនមែនថាមិនឲ្យប្រើនោះទេ។

ដោយឡែកលោក ប៉ែន កុសល្យ បានសំណូមពរដល់លោកអភិបាលក្រុង ស្រុក ត្រូវរៀបចំផែនការសហការជាមួយឃុំសង្កាត់ដើម្បីធ្វើការផ្សព្វផ្សាយបន្តនូវសារាចរណែនាំដ៏មានសារសំខាន់នេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលក្រុង ស្រុកត្រូវធ្វើរបាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្ត ដើម្បីឲ្យរដ្ឋបាលខេត្តបូកសរុបមើលលទ្ធភាពនៅពេលណាដែលយើងមានបញ្ហាជួបប្រទះការខ្វះខាត និងបានជួយទាន់ពេលវេលា ជាមួយគ្នានោះលោកក៍បានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃ កុំប្រើដោយខ្ជះខ្ជាយ ពិសេសគឺមិនត្រូវបូមទឹកចាប់ត្រីនោះទេ។

សម្រាប់លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកខេត្ត បានថ្លែងថា ខេត្តឧត្តរមានជ័យ បញ្ហាកង្វះទឹកប្រើប្រាស់មិនមានអ្វីប៉ះពាលធ្ងន់ធ្ងរទេ ដោយសារអាងស្តុកទឹកធំ គឺបានបិទទ្វារទឹកតាំងពីអស់ ទឹកភ្លៀងម្លេះ។

ម្យ៉ាងវិញទៀត បឹង និងទំនប់ធម្មជាតិនៅមានទឹកពេញព្រៀបនៅឡើយ។ ទន្ទឹមនិងនេះ លោកអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ឆ្ងាយៗត្រូវចេះថែរក្សាទឹកទុក ពិសេសបឹង ត្រពាំងដែលនៅក្បែៗ គឺកុំនាំគ្នាបាចឫបូមចាប់ត្រីឲ្យសោះ ពោយគឺត្រូវថែរក្សាបានល្អ និងកុំប្រើប្រាស់ដោយខ្ជះខ្ជាយ៕