(ស្វាយរៀង)៖ សាកលវិទ្យាល័យស្វាយរៀង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈ នៃការព្រមព្រៀង (MOA) សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្រោមគម្រោងកែលម្អការអប់រំ ឧត្តមសិក្សានៅកម្ពុជា ដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាល និងធនាគារពិភពលោក តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក ណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោក ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀងនេះ នៅសាកលវិទ្យាល័យស្វាយរៀង។

គោលបំណង នៃកិច្ចព្រមព្រៀងនេះ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស ដល់សាកលវិទ្យាល័យស្វាយរៀង ក្នុងការបង្កើត ជំនាញវិស្វកម្មថ្មីចំនួន២ គឺវិស្វកម្មមេកានិច និងវិស្វកម្មអេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្ម តាមរយៈការចែករំលែកនូវចំណេះដឹង របស់អ្នកជំនាញ លើការអភិវឌ្ឍន៍កម្មវិធីសិក្សាការដំណើរការបណ្ដុះបណ្ដាល និងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់សាកលវិទ្យាល័យស្វាយរៀង។

បើតាមលោក ទុំ សារាវុធ បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនេះ គឺពិតជាមានសារសំខាន់ ក្នុងការពង្រីកការកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ចូលរួមឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងចូលរួមសម្រេចឲ្យបាននូវគោលដៅ របស់រាជរដ្ឋាភិបាលដែលបានកំណត់ឆ្នាំ២០៣០ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍។

លោកបណ្ឌិត អ៊ុម រម្យណី មានមតិប្រកបដោយសុទិដ្ឋិនិយមថា តាមរយៈនៃកិច្ចព្រមព្រៀងនេះ លោកជឿជាក់ថានឹងទទួលបានជាផ្លែផ្កា នៅ៥ឆ្នាំក្រោយ តាមរយៈការកសាងធនធានមនុស្ស នៅនឹងកន្លែងប្រកបដោយសមត្ថភាព ព្រមទាំងមានបរិមាណគ្រប់គ្រាន់ សម្រាប់តម្រូវការការងារ ប្រកបដោយសក្តានុពល នៃតំបន់សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាពិសេស តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ដែលមានតម្រូវការធនធានមនុស្សយ៉ាងច្រើន។

សូមបញ្ជាក់ថា សាកលវិទ្យាល័យស្វាយរៀង នឹងបើកដំណើរការមុខជំនាញ វិស្វកម្មមេកានិច នៅឆ្នាំសិក្សា ២០២០-២០២១ និងមុខជំនាញ វិស្វកម្មអេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្ម នៅឆ្នាំសិក្សា ២០២១-២០២២ ខាងមុខ ដោយមានកិច្ចសហប្រតិបត្តិការពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យ នៅព្រះរាជាណាចក្រថៃ និងសាកលវិទ្យាល័យនៃប្រទេសជប៉ុន ផងដែរ៕