(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានដាក់ដំណើរការអនុស្ថានីយរាម ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ជាមួយប្រភពផ្គត់ផ្គង់ពីត្រង់ស្វូរម៉ាទ័រ 115/22 kV អានុភាព 50MVA។

ជាមួយប្រភពបន្ថែមថ្មីនេះ ខេត្តព្រះសីហនុ នឹងមានលទ្ធភាពផ្គត់ផ្គង់សរុបកើនឡើងដល់ 250MVA ពីបណ្តាញជាតិ សម្រាប់តម្រូវការបច្ចុប្បន្នមានប្រមាណជិត 200MVA ដែលអាចផ្គត់ផ្គង់ដល់ការប្រើប្រាស់ ក្នុងរយៈពេលប្រមាណ១ឆ្នាំបន្ថែមទៀត មុននឹងមានអនុស្ថានីយថ្មីៗ ដាក់ឲ្យដំណើការជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០២០តទៅមុខ។

អនុស្ថានីយរាមថ្មីនេះ មានសារសំខាន់ណាស់ ក្នុងការផ្គត់ផ្គង់ដល់តំបន់ឧស្សាហកម្ម ព្រលានយន្តហោះ ទីរួមស្រុកព្រៃនប់ ទីប្រជុំជនវាលរេញ រហូតដល់ភាគខ្លះ នៃខេត្តកោះកុងឆ្លងកាត់ប្រជុំជនស្រែអំបិល រំលែកពីការផ្គត់ផ្គង់បច្ចុប្បន្ន ដែលយកប្រភពពីក្រុងព្រះសីហនុ ដោយទុកប្រភពនេះ ផ្គត់ផ្គង់ឲ្យក្រុងព្រះសីហនុផ្ទាល់ ដែលមានកំណើនបន្តកើនឡើងខ្ពស់ជាលំដាប់។

ជាមួយគ្នានេះដែរ អគ្គិសនីកម្ពុជា ក៏បានដាក់ដំណើរការអនុស្ថានីយអគ្គិសនីកំពង់ធំ ក្នុងជំហានដំបូង ផ្នែក115 kV ដែលមានត្រង់ស្វូរម៉ាទ័រ 115/22 kV អានុភាព 50MVA ក្នុងខេត្តកំពង់ធំ ជំនួសឲ្យការយកថាមពលផ្គត់ផ្គង់ជាបណ្តោះអាសន្នពីខេត្តជុំវិញ រួមមាន៖ ខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តសៀមរាប តាមខ្សែបណ្តាញតង់ស្យុងមធ្យមកន្លងមក ដែលជាទូទៅពុំអាចផ្គត់ផ្គង់តាមតំរូវការបានឡើយ ដោយខ្សែបណ្តាញវែងរាប់រយគីឡូម៉ែត្រ។

ទូទាំងខេត្តកំពង់ធំ បច្ចុប្បន្នប្រើប្រាស់ប្រមាណជិត 20MVA ដូចនេះជាមួយប្រភពថ្មីនេះ អាចនឹងផ្គត់ផ្គង់បានប្រមាណ៣ឆ្នាំ តទៅទៀត។ អនុស្ថានីយនេះ ទទួលប្រភពផ្គត់ផ្គង់ពីប្រទេសឡាវបច្ចុប្បន្ន ហើយនៅពាក់កណ្តាលឆ្នាំ២០២០ ក្រោយពីសាងសង់បញ្ចប់ផ្នែក 230kV នឹងទទួលប្រភពពីបណ្តាញជាតិថែមទៀត ពីកំពង់ចាម និងសៀមរាប តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ 230kV ដែលនឹងធ្វើឲ្យស្ថិរភាព និងគុណភាព នៃការផ្គត់ផ្គង់មានភាពប្រសើរកើនឡើងជាលំដាប់។

សមិទ្ធផលអនុស្ថានីយទាំងពីរនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ ប្រភេទឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាព ស្ថិរភាព និរន្តភាព និងកាន់តែល្អប្រសើរជាលំដាប់ ព្រមទាំងចូលរួមចំណែកជួយបង្កើនកំណើន សេដ្ឋកិច្ចជាតិ ដោយខិតប្រភពផ្គត់ផ្គង់ឲ្យកាន់តែខិតទៅជិតអ្នកប្រើប្រាស់ផងដែរ៕